ក្រសួង​ព្រមាន​ចាត់វិធានការ​លើ​អាជីវកម្ម​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី​និង​កុយ​រមាស​

31-08-2019 8:10 pm 129
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​កម្ពុជា​បាន​ថ្លែង​ព្រមាន​ចាត់វិធានការ​លើ​អាជីវ​កម្មដ្ឋាន​ណា​ដែល​មាន​ការ​ចរាច​រទិញ​-​លក់ វត្ថុ​អនុស្សាវរីយ៍​ធ្វើ​អំពី​ភ្លុក​ដំរី កុយ​រមាស ឬ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ផ្សេងទៀត ។ លោក នេត្រ ភ​ក្ត្រា សង្កត់ធ្ងន់​ថា រាល់​សកម្មភាព​អាជីវកម្ម​ដែល​ទាក់ទង​នឹង​សត្វព្រៃ គឺ​ជា​ទង្វើ​ខុសច្បាប់ ...

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​កម្ពុជា​កា​លពី​ថ្ងៃទី​៣០ សីហា បាន​និយាយថា ការធ្វើ​ពាណិជ្ជកម្ម​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី កុយ​រមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ពាក់ព័ន្ធ​នឹង​សត្វព្រៃ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​អ្នក​ប្រព្រឹត្ត​និង​អ្នកពាក់ព័ន្ធ ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។​

​លោក នេត្រ ភ​ក្ត្រា បាន​និយាយ​បន្តថា បើសិន​ជា​ម្ចាស់​អាជីវ​កម្មដ្ឋាន មាន​លាក់ទុក ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ដូច​បាន​រៀបរាប់​ខាងលើ សូម​ប្រគល់​ជូន​សមត្ថកិច្ច បើសិនជា​សមត្ថកិច្ចរ​ក​ឃើញ​និង​ចាប់បាន នោះ​នឹង​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​ជា​ចាំបាច់ ។​

​លោក​បន្តថា កម្ពុជា ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ គឺ​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការសហការ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​ប្រទេស​ទាំងអស់ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ។​

​លោក​បាន​ឱ្យដឹងថា ក្រសួង​បរិស្ថាន​បាន​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន​៣២​កន្លែង​ដែល​សង្ស័យ​មាន​ពាណិជ្ជកម្ម​បែបនេះ​នៅ​ខេត្ត​សៀមរាប​និង​ខេត្ត​ព្រះសីហនុ ហើយ​ជា​ជំហាន​បន្ទាប់ នឹង​ត្រូវបាន​ធ្វើឡើង​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួនទៀត ។​

​យោង​តាម​តួលេខ​ដែល​ទទួលបាន អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប ភ្លុក​ដំរី និង​កុយរមាស​ជា​ច្រើន​ពាន់​ដុំ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង​៥​តោន ចាប់ពី​ឆ្នាំ​២០១៦ ដល់​ចុង​ឆ្នាំ​២០១៨ ក្រៅពីនេះ ក៏​មាន​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេង​ទៀត​ផង​ដែរ  ។​

​បរទេស​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​ដុត​បំផ្លាញចោល​នូវ​វត្ថុតាង​ដែល​រឹបអូស​បាន​ទាំងនោះ តែ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​ត្រូវ​រក្សាទុក ដើម្បី​តាំងពិព័រណ៍​សម្រាប់​សាធារណជន​ទស្សនា និង​ដើម្បី​បម្រើ​ទៅ​ដល់​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ព្រោះ​វត្ថុតាង​ទាំងនេះ គឺជា​វត្ថុ​កម្រ​និង​ជិត​ដាច់​ពូជ ៕

ព័ត៌មានផ្សេងទៀត