លោក​ហ៊ុន សែន សម្រេច​បន្ត​ផ្តល់​សេវា​រថយន្តក្រុង​ឥតគិតថ្លៃ​២​ឆ្នាំ​ទៀត​

31-08-2019 3:28 pm 179
  ស្តាប់
ស្តាប់ជាសំឡេង

សេវាកម្ម​រថយន្តក្រុង​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​ផ្លូវ​ការ កាលពី​អំឡុង​ឆ្នាំ​២០១៤ គិត​មកដល់ពេលនេះ មាន​រយៈពេល​៥​ឆ្នាំ​ហើយ​។ ក្នុងនោះ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និង​កម្មករ កម្មការិនី ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​សេវាកម្ម​រថយន្តក្រុង​នេះ ដោយ​មិន​គិតថ្លៃ​ឡើយ ចាប់ពី​ថ្ងៃ​ទី​០១ ខែ កញ្ញា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​យ៉ាណា​មិញ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​ឲ្យ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង​បន្ត​ផ្ដល់​សេវា​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ជូន​អ្នក​ប្រជាពលរដ្ឋ​ទាំងនោះ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ​២០២១​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ទៀត​ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ លោក​សម្រេច​ឲ្យ​បញ្ចេញ​រថយន្តក្រុង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ទៅ​ស្រុក​​កំណើត និង​ត្រលប់​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ​ផង​ដែរ​។​

​លោក អ៊ាន សុ​ឃីម អគ្គនាយក​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណ​រថយន្តក្រុង រាជធានី​ភ្នំពេញ ធ្លាប់​បាន​បញ្ជាក់ថា រយៈពេល ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​២០១៤ មាន​រថយន្តក្រុង​សាធារណៈ ត្រឹមតែ​៥៧​គ្រឿង ក្រោម​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចិន ហើយ​អាច​ដំណើរការ​បាន​ចំនួន​៣​ខ្សែ​។ ដោយឡែក មកដល់​បច្ចុប្បន្ន​នេះ រថយន្តក្រុង​សាធារណ របស់​សាលា​រាជធានី​ភ្នំពេញ បាន​ពង្រីក​រហូត​ដល់​១៣​ខ្សែ ដោយ​មាន​រថយន្ត​សរុប​ចំនួន​២៣៥​គ្រឿង ចំនួន​នេះ​ស្ទើរតែ​គ្រប់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​។

​លោក​បន្ថែមថា បច្ចុប្បន្ន​រថយន្តក្រុង​សាធារណៈ ក្នុង​មួយ​ថ្ងៃ អាច​ដឹក​អ្នកដំណើរ​ចាប់ពី​២ ៥០០០​នាក់ ទៅ​២ ៦០០០​នាក់ តែ​យ៉ាងណា លោក​នៅតែ​មាន​បំណង​ស្វែងរក​ជំនួយ​រថយន្ត​បន្ថែម ដើម្បី​អាច​បម្រើ​អតិថិជន ឲ្យបាន​ដល់​ជាយ​រាជធានី​ភ្នំពេញ និង​អាច​ដឹក​អ្នកដំណើរ​បាន​ចំនួន​ជាង​៧​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ការធ្វើ​សំណើរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​៕

ព័ត៌មានផ្សេងទៀត