ប្រជាជន​ជិត​​២​លាន​នាក់​​ក្នុង​ប្រទេស​ឥណ្ឌា​​កំពុង​ប្រឈម​​នឹង​ភាព​គ្មាន​រដ្ឋ​

31-08-2019 3:04 pm 166
មន្ដ្រីផ្នែកNRCកំពុងបំពេញការងារ

​ប្រជាជន​ជិត​២​លាន​នាក់​រស់នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា កំពុង​ប្រឈម​នឹង​ភាព​គ្មាន​រដ្ឋ បន្ទាប់​ពី​រដ្ឋបាល​ក្នុង​រដ្ឋ​Assam​បានប្រកាស​បញ្ជី​ឈ្មោះ​ប្រជាជន ក្នុង​គោលបំណង​កាត់ផ្ដាច់​ជនបរទេស​ដែល​ចូលមក​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​ជា​ដំណើរការ​មួយ​នៃ​រដ្ឋាភិបាលកណ្ដាល​ឥណ្ឌា ដែល​ចង់ឲ្យ​មាន​ការកំណត់​ច្បាស់លាស់​ពី​ចំនួន​ប្រជាជន​ឥណ្ឌា​នៅ​ទូទាំង​ប្រទេស​។ 

​មាន​ប្រជាជន​សរុប​ចំនួន​៣១,១​លាន​នាក់ ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ប្រជាជន​ជាតិ​(NRC) ប៉ុន្ដែ​មាន​១,៩​លាន​នាក់​ត្រូវបាន​ចាត់ទុក​ថា មិន​មាន​សិទ្ធិ​ទទួល​យក​ធ្វើជា​ប្រជាជន​ឥណ្ឌា​ស្រប​ច្បាប់​ឡើយ​។ ភាគច្រើន​នៃ​អ្នក​ដែល​គេ​ដក​ចេញ​នោះ​គឺជា​ជន​ម៉ូ​ស្លីម ហើយ​ឥណ្ឌា​ថា​ធ្វើ​ដូច្នេះ​ដើម្បី​កំណត់​ជនអន្ដោប្រវេសន៍​ខុសច្បាប់​បង់​ក្លា​ដែស​។ 

​រដ្ឋ​Assam​មាន​ប្រជាជន​ប្រមាណ​៣៣​លាន​នាក់ បើ​គិត​ពី​អ្នក​រស់នៅ​សរុប តែ​ប្រសិនបើ​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ដូច​បញ្ជី​ដែល​បានប្រកាស នោះ​ប្រជាជន​ជិត​២​លាន​នាក់​នេះ​នឹង​ប្រឈម​ការបាត់បង់​សិទ្ធិ​ជា​ពលរដ្ឋ​។ យ៉ាងណា​ក៏​ដោយ​ពួកគេ​មាន​ពេល​១២០​ថ្ងៃ ដើម្បី​ប្ដឹង​ប្រឆាំង​នឹង​ការបដិសេធ​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ពួកគេ តែ​មិនដឹងថា​វិធានការ​បន្ទាប់​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ទេ​៕

ព័ត៌មានផ្សេងទៀត