អាមេរិក​​ដាក់ទណ្ឌកម្ម​​បុគ្គល​​និង​ក្រុមហ៊ុន​​ជួយ​ឲ្យ​​កូរ៉េខាងជើង​​គេច​ទណ្ឌកម្ម​

31-08-2019 9:10 am 172

​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​មនុស្ស​ពីរ​នាក់​និង​ក្រុមហ៊ុន​ចំនួន​បី ព្រមទាំង​បាន​ហាមឃាត់​កប៉ាល់​មួយគ្រឿង​ផងដែរ ដែល​អាមេរិក​អះអាងថា​បាន​ជួយ​កូរ៉េខាងជើង​គេច​ចេញពី​ទណ្ឌកម្ម​។ នេះ​បើតាម​ការបញ្ជាក់​ពី​រតនាគារ​អាមេរិក​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​សុក្រ​។ ទណ្ឌកម្ម​អាមេរិក​មាន​គោលដៅ​លើ​បណ្ដាញ​ដឹកជញ្ជូន ដែល​រតនាគារ​អាមេរិក​និយាយថា មាន​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ប្រេង​ពី​កប៉ាល់​ទៅ​កប៉ាល់​ជាមួយ​កូរ៉េខាងជើង ដើម្បី​ជួយ​ឲ្យ​កូរ៉េខាងជើង​គេច​ពី​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​រតនាគារ​អាមេរិក​បាន​និយាយថា មនុស្ស​ពីរ​នាក់​បាន​ប្រើប្រាស់​កប៉ាល់ ដែល​កន្លងមក​បាន​ប្រើប្រាស់​យ៉ាងហោចណាស់​ក៏​កប៉ាល់​ពី​រគ្រឿង​ដែរ ផ្ទេរ​ប្រេង​ជាមួយ​កប៉ាល់​ដែលមាន​ទង់ជាតិ​កូរ៉េខាងជើង​។ មនុស្ស​ពីរ​នាក់​នោះ​ទទួលបាន​ប្រយោជន៍​ក្នុង​ក្រុមហ៊ុន​ចំនួន​បី ដែលជា​គោលដៅ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​។​

​អង្គការសហប្រជាជាតិ​បាន​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ក្នុង​គោលបំណង​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។ កន្លងមក​ទោះបីជា​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាស​ជា​សាធារណៈ​ថា​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​យ៉ាងណាក៏ដោយ ក៏​អាមេរិក​នៅតែ​ឃាត់​កប៉ាល់​កូរ៉េខាងជើង​។ កាលពីដើមឆ្នាំ​នេះ​ទីក្រុង​វ៉ាស៊ីនតោន​និយាយថា បាន​ឃាត់​នាវា​ដែល​ពាក់ព័ន្ធ​នឹង​ការដឹក​ធ្យូងថ្ម​ដោយ​ខុសច្បាប់ រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ 

​គួរបញ្ជាក់​ផងដែ​រថា ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​ក្នុងពេល​ថ្មីៗ​នេះ ហាក់​តានតឹង​ជាង​មុន​បន្ដិច បន្ទាប់ពី​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​៧​លើក​។ ការ​ធ្វើតេស្ដ​មី​ស៊ី​ល​លោក​គីម ជុង​អ៊ុន​ធ្លាប់​ព្រមាន​ថា ដើម្បី​គំរាម​ទៅ​កូរ៉េខាងត្បូង​ដែល​បន្ដធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​លោក​គីម​នៅ​ប្រកាន់​គោលជំហរ​ចង់​ចរចា​ដដែល​។ ចំណែក​អាមេរិក​ក្រៅពី​បង្ហាញ​ការព្រួយបារម្ភ ក៏​នៅ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​អាច​នឹង​ចាប់ផ្ដើម​កិច្ចចរចា ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​៕

ព័ត៌មានផ្សេងទៀត