លោក​ឌុយ​ទែ​តេ​​កំពុង​​បារម្ភ​ពី​​សកម្មភាព​ចិន​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​

31-08-2019 9:01 am 195
ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែតេ

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ កំពុង​សម្ដែង​ការព្រួយបារម្ភ​ជាខ្លាំង ជុំវិញ​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ការព្រួយបារម្ភ​របស់​លោក​ដូច្នេះ ធ្វើឡើង​ចន្លោះពេល​កំពុងមាន​សម្ពាធ​កើនឡើង​ពី​សាធារណជន ករណី​លោក​មិនបាន​ធ្វើ​អ្វី​គ្រប់គ្រាន់ ដើម្បី​ក្រោកឈរ​ប្រឆាំង​វត្ដ​មាន​ចិន​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់​។ 

​លោក​ឌុយ​ទែ​តេបាន​ជួបជា​មួយភា​គីចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​ប្រធានាធិបតី​បាន​ជំរុញ​ឲ្យ​លោកស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន អនុវត្ដ​តាម​សេចក្ដីសម្រេច​របស់​តុលាការ​អន្ដរជាតិ​កាលពី​ឆ្នាំ​២០១៦ ដែល​ច្រានចោល​ការអះអាង​របស់​ចិន​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្ដែ​តាម​របាយការណ៍​លោក​ស៊ី​មិន​ទទួលស្គាល់​សេចក្ដីសម្រេច​នោះទេ​។ 

​កិច្ចប្រជុំ​រវាង​លោក​ឌុយ​ទែ​តេ​ជាមួយ​ភាគី​ចិន ធ្វើឡើង​ស្រប​ពេលដែល​ប្រទេស​ទាំងពីរ​កំពុង​ផ្ទុះ​ភាព​តានតឹង​។ កាលពី​ខែមិថុនា​នាវា​នេសាទ​ចិន បាន​បុក​ជាមួយ​ទូក​នេសាទ​ហ្វីលីពីន​នៅក្នុង​ដែនទឹក​ជម្លោះ ហើយ​ពុំបាន​រវីរវល់​នឹង​អ្នកនេសាទ​ហ្វីលីពីន​ឡើយ​។ សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​និយាយថា លោក​ឌុយ​ទែ​តេ​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក ខណៈ​លោក​កំពុង​ព្យាយាម​ថ្លឹងថ្លែង​ពី​តម្រូវការ ដើម្បី​អះអាង​អធិបតេយ្យភាព​របស់​ហ្វីលីពីន ចំពេល​លោក​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​ចិន​៕

ព័ត៌មានផ្សេងទៀត