លោក​ហ៊ុន សែន​ថា​ល្បែងភ្នាល់​លើ​អន​ឡាញ​នឹង​ត្រូវ​បិទ​ចោល​អស់​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​

30-08-2019 9:42 pm 515

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣០ សីហា បាន​ថ្លែង​បញ្ជាក់ថា រាល់​ល្បែងភ្នាល់​លើ​អន​ឡាញ​ទាំងអស់ នឹង​ត្រូវ​បាន​បិទ​ចោល បញ្ឈប់​សកម្មភាព​អាជីវកម្ម ត្រឹម​ដំណាច់ឆ្នាំ​២០១៩​នេះ ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា រាល់​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អ៊ីនធឺណិត​អន​ឡាញ ក្នុង​និង​ក្រៅប្រទេស គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព​នៅ​កម្ពុជា គឺជា​អំពើ​ខុសច្បាប់ នឹង​ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ទាំងនេះ​ឱ្យ​អស់​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​នេះ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ប្រទេស​កម្ពូជា​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សេវា​ទេសចរណ៍​វប្បធម៌​និង​ធម្មជាតិ ជាជាង​ការពឹងផ្អែក​លើ​ចំណូល​ពី​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ ។​

​កាលពី​ថ្ងៃ​ទី​១៨ សីហា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​ចំនួន​៣​ចំណុច ដោយ​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក អន​ឡាញ ទាំង​ក្នុង​និង​ក្រៅប្រទេស ។​

​សារាចរ​ណែនាំ​នោះ ធ្វើឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា មាន​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ទាំងនេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់ ជំរិត​ទារប្រាក់ ពី​ជនរងគ្រោះ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម ៕

ព័ត៌មានផ្សេងទៀត