លោក​សម រង្ស៊ី ចោទ​លោក​ហ៊ុន សែន ក្រឡេចក្រឡុច​

30-08-2019 9:16 pm 716

​ឆ្លើយតប​ទៅនឹង​ការ​ភ្នាល់​របស់​លោកនាយក​រដ្ឋមន្ត្រី​អំ​ពី​ការចាប់ខ្លួន​លោក សម រង្ស៊ី បើសិនជា​អាច​ជាន់ដី​កម្ពុជា​នៅ​ថ្ងៃទី​៩ វិច្ឆិកា តែ​លោក​នាយករដ្ឋមន្ត្រី​មិន​អាច​ចាប់​ខ្លួន​ក្នុង​រយៈពេល​២៤​ម៉ោង​បាន លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន ថា​ក្រឡេចក្រឡុច និង​បាន​លើកសំណើ​ថា បើសិន​ជា​ថ្ងៃ​ដែល​លោក​ចូលមក​កម្ពុជា​មាន​ពល​រដ្ឋ​គាំទ្រ​ជាង​១​លាន​នាក់ តើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ាន​ចុះ​ចេញពី​តំណែង​ដែរ​ទេ​? 

​លោក សម រង្ស៊ី បាន​ថ្លែង​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​នៅ​រសៀល​ថ្ងៃទី​៣០ សីហា​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបង្ហាញ​ចរិត​ក្រឡេចក្រឡុច​ក្នុង​ការចូលរួម​ភ្នាល់​គ្នា ។ លោក​ថា​លោក​ហ៊ុន សែន ពូកែ​តែ​ដើរ​សម្លុត​គេឯង ហើយ​ប្រើប្រាស់​កម្លាំង​អាវុធ​ក្នុង​ការ​តទល់​គូបដិបក្ខ​នយោបាយ​របស់​គាត់ ។​

​យ៉ាងណា​ក៏​ដោយ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ បាន​ដាក់​សំណើ​ជា​ចុង​ក្រោយ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា បើ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខ ចំនួន​ពលរដ្ឋ​ដែល​ស្វាគមន៍​នូវ​ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក​មក​កាន់​កម្ពុជា មាន​ចំនួន​តិច​ជាង​មួយ​លាន​នាក់ នោះ​លោក​នឹង​យល់ព្រម​ឱ្យ​កម្លាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចាប់ខ្លួន ហើយ​លោក​យល់ព្រម​បញ្ចប់​ជីវិត​នយោបាយរ​បស់​ខ្លួន​នៅពេល​ជាមួយគ្នា ។​

​តែ​លោក​សម រង្ស៊ី បាន​និយាយថា បើ​ចំនួន​ពលរដ្ឋ​ដែល​គាំទ្រ​នូវ​ដំណើរ​មាតុភូមិ​និវត្ត​របស់លោក​កើន​ដល់​មួយ​លាន​នាក់ ឬ​មាន​ចំនួន​លើស​នេះ តើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន យល់ព្រម​ចុះចេញ​ពី​តំណែង​មួយ​រំពេច​ទេ​?

​ទោះ​យ៉ាងនេះក្តី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ដដែល ត្រូវបាន​ស្រង់​សម្តី​ដោយ​អង្គភាព​ហ្វ្រេស​ញ៉ូយ៍​ថា វា​ជា​ទង្វើ​គួរឱ្យ​អស់សំណើច​និង​មាន​ចេតនា​ចង់​គេចចេញ​ពី​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​កម្ពុជា តែ​ទោះបី​លោក​សម រង្ស៊ី ហ៊ាន​ភ្នាល់​ឬ​មិន​ហ៊ាន​ភ្នាល់ មិន​សំខាន់ អ្វី​ដែល​សំខាន់​គឺ​សមត្ថកិច្ច​ត្រៀម​ចាប់ខ្លួន​លោក បើ​ហ៊ាន​តែ​ចូល​មក​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត