លោក​ម៉ម សូណង់ដូ​ ហៅ​លោក​ហ៊ុន សែន​ ថា ជា​សត្រូវ​ចាស់​ ដែល​ពេលនេះ​ ជា​មិត្ត​ល្អ​​

30-08-2019 12:04 pm 3654

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ លោក​ម៉ម សូណង់ដូ បានចាត់ទុក​ទំនាក់ទំនង រវាង​លោក និង​លោក​ហ៊ុន សែន ពេលនេះ ថា​ជា​មិត្ត​ល្អ របស់ខ្លួន​។ ដ្បិត​ថា លោក​មិនបាន​និយាយ​ចំឈ្មោះ ប៉ុន្តែ លោក​បាន​បង្ហោះ​រូបថត​៣​សន្លឹក​ជាមួយ លោក​ហ៊ុន សែន លោក​ស ខេង និង​លោក​ទៀ បាញ់ នៅលើ​បណ្តាញ​សង្គម​Facebook​ផ្ទាល់ខ្លួន ដោយ​ភ្ជាប់​សំណេ​រថា​«​សត្រូវ​ចាស់​ពីមុន ឥឡូវ​ក្លាយជា​មិត្ត​ល្អ គ្មាន​ការ​សងសឹក គ្មាន​ការ​ស្អប់ខ្ពើម ដែល​នេះ​ជា​អត្ថ​ភាព សម្រាប់​កម្ពុជា​ទៅ​អនាគតកាល​»​។​

​លោក​ម៉ម សូណង់ដូ និយាយថា អ្នកនយោបាយ​ឈ្លោះ​គ្នា គឺជា​ការល្អ​មួយ សម្រាប់​របប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។ ឯ​អ្វីដែល​លោក​ប្រើពាក្យ​«​សត្រូវ » ពីព្រោះ អ្នកនយោបាយ ធ្វើ​ន​យោ​យ​ដើម្បី​តែ​អំណាច តួនាទី និង​ប្រយោជន៍​ផ្ទាល់​តែប៉ុណ្ណោះ ហើយ​ច្រើនតែ​ទុក​អ្នកនយោបាយ​ផ្សេងទៀត ជា​សត្រូវ ទើប​មានការ​ប្រកាប់ប្រចាក់​ប្រើ​ហិង្សា ដោយ​មិន​ញញើត​ដៃ ហើយ​ភាគ​គី​ម្ខាង​ទៀត ប្រើ​យុទ្ធសាស្ត្រ​ញុះញង់ ប្រជាភិថុតិ សន្យា​ខ្យល់ គ្រប់​កម្មវិធី​ស្មោកគ្រោក​ទាំងអស់ ដើម្បី​ដណ្តើម អំណាច​។ 

​លោក​ម៉ម សូណង់ដូ បន្ថែមថា អ្នកនយោបាយ​តែង មាន​ទស្សន​:​ខុសៗ​គ្នា ទិសដៅ​ខុសគ្នា ដែល​គួរតែ​អ្នកនយោបាយ​គិតដល់​សន្តិភាព ប្រយោជន៍​ជាតិ និង​សុភមង្គល​ដល់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​ថា អ្នកនយោបាយ​ខ្មែរ ច្រើនតែ​មាន​ទំនៀម​ទំលាប់ យក​នយោបាយ ធ្វើ​មធ្យោបាយ​ដើម្បី​ដណ្តើម​អំណាច​តែប៉ុណ្ណោះ ហើយ​ច្រើនតែ​យក​អ្នកនយោបាយ​ផ្សេងទៀត ដែល​មិនបាន​គាំទ្រ​ខ្លួន ទុកជា​សត្រូវ​។ ហេតុផល​ទាំងនេះហើយ ទើប​លោក​ជ្រើសរើស ពាក្យ​«​សត្រូវ​»​វិញ ដើម្បី​ទាញអារម្មណ៍​អ្នកនយោបាយ​ទាំងអស់ ដែល​គិតតែ​អំណាច​ផ្ទាល់ខ្លួន ងាក់​មក​ចូលរួម​បំរើ​ជាតិ​ទាំងអស់គ្នា បំរើ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ហើយ​រួបរួមគ្នា ដើម្បី​កសាង​កម្ពុជា​ទៅ​អនាគត​។ លោក​ថា យើង​មាន​ពេល​ឈ្លោះ​គ្នា ក៏​ត្រូវតែ​យើង​មាន​ពេល​រួបរួមគ្នា​កសាង​ជាតិ​ផងដែរ​។​

​សូមបញ្ជាក់ថា លោក​ម៉ម សូណង់ដូ កាលពី​ឆ្នាំ​២០១២ ធ្លាប់​ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​២០​ឆ្នាំ ពីបទ​ញុះញង់ បង្កឲ្យមាន​ការបះបោ​រមួយ ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេត្តក្រចេះ​។ តែ​លោក​ត្រូវបាន​ដោះលែង​វិញ នៅ​ខែមីនា ឆ្នាំ​២០១៣​។​

​លោក​ម៉ម សូំណង់ដូ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ស្គាល់​ថា គឺជា​អ្នកមាន​និន្នាការ​ប្រឆាំង នឹង​រដ្ឋាភិបាល​។​លោក​ធ្លាប់ជា​អ្នកការពារ​សិទ្ធិ ដ៏​ល្បីឈ្មោះ​មួយរូប​ផងដែរ​។ កន្ល​ង​មក ក៏​លេចឮ​ពី​ការ​ថ្នាំងថ្នាក់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​មក លោក​ក៏​ងាក​មក​រៀបចំ​រចនាសម្ព័ន្ធ គណបក្ស​សំបុក​ឃ្មុំ ដែល​ផ្អាក​សកម្មភាព​យូរហើយ ឡើងវិញ ដើម្បី​ចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨​។ ចាប់តាំងពី​ពេល​នោះមក ជាពិសេស​ក្រោយពី​លោក​សម្រេចចិត្ត​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​បង្កើតឡើង​ដោយ​លោក​ហ៊ុន សែន ការរិះគន់​រដ្ឋាភិបាល របស់លោក​ម៉ម សូ​ណង់ ដូ ក៏​ប្រែជា​ស្ងាត់​ដូច​គេ​ចុក មកដល់ពេលនេះ​៕ 

ព័ត៌មានផ្សេងទៀត