អង្គការសកម្មភាពកំចាត់មីនរបស់ជប៉ុន ហៅកាត់ថា (JMAS) បានអំពាវនាវស្វែករកដៃគូអភិវឌ្ឍន៍តំបន់ចំការមីន ដែលខ្លួនបានបោសសម្អាតមីនរួចរាល់។ អង្គការ (JMAS) បានបញ្ជាក់ថា ការស្វែងរកដៃគូសម្រាប់ធ្វើការអភិវឌ្ឍន៍ចំការមីន នៅតំបន់ដែលខ្លួនបានបោសសម្អាតរួចរាល់នេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ។
តំណាងប្រធានអង្គការសកម្មភាពកំចាត់មីនរបស់ជប៉ុន ហៅកាត់ថា (JMAS) ប្រចាំនៅកម្ពុជា លោក Noriyoshi Suenaga បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយ ជួយផ្សព្វផ្សាយស្វែងរកដៃគូអភិវឌ្ឍន៍តំបន់ចំការមីន ដែលខ្លួនបានបោសម្អាតរួច ដើម្បីជួយដល់សហគមន៍ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នមានអង្គការដៃគូមួយចំនួន បានសហការជាមួយអង្គការ (JMAS) ធ្វើការអភិវឌ្ឍន៍បានខ្លះហើយ តែនៅតំបន់មួយចំនួនទៀត ដែលខ្លួនបានបោសសម្អាតមីនរួចរាល់ នៅមិនទាន់មានដៃគូអភិវឌ្ឍន៍ឡើយ……………
សំឡេង៖
តំណាងប្រធានអង្គការសកម្មភាពកំចាត់មីនរបស់ជប៉ុនរូបនេះ បានគូសបញ្ជាក់ទៀតថា តំបន់ដែលបានបោសសម្អាតមីនរួច បើពុំមានការអភិវឌ្ឍន៍ទេ ដីនោះនឹងទំនេរចោលធ្វើឱ្យព្រៃដុះជិត ប៉ុន្តែបើយើងបានធ្វើការអភិវឌ្ឍន៍វិញ នឹងជួយទៅដល់ប្រជាពលរដ្ឋរស់នៅទីនោះ មានការងារធ្វើ មានជីវភាពកាន់តែប្រសើរឡើង។ ដូច្នេះហើយទើបអង្គការសកម្មភាពកំចាត់មីន (JMAS) កៀរគរស្វែងរកដៃគូ ដើម្បីធ្វើការអភិវឌ្ឍន៍នៅតំបន់ដែលខ្លួនបានបោសសម្អាតមីនរួចរាល់។
សូមបញ្ជាក់ថា ការលើកឡើងរបស់តំណាងប្រធានអង្គការសកម្មភាពកំចាត់មីនរបស់ជប៉ុន បានធ្វើឡើងក្នុងសន្និសិទសារព័ត៌មានរបស់អង្គការសកម្មភាពកំចាត់មីន (JMAS) នៅស្ថានទូតជប៉ុន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ យ៉ាងណាក៏ដោយបើតាមអង្គការសកម្មភាពកំចាត់មីន (JMAS) បានឱ្យដឹងថា ខ្លួនចាប់ផ្ដើមសកម្មភាពបោសសម្អាតមីន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ ហើយបានពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍន៍សហគមន៍នៅតំបន់ដែលសម្អាតគ្រាប់មីនរួចរាល់។
បើតាមអង្គការ (JMAS) បានឱ្យដឹងទៀតថា តំបន់ដែលខ្លួនធ្វើសកម្មភាពបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះនោះ រួមមាន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបើតាមគម្រោង (JMAS) នឹងបន្តធ្វើការងារខ្លួននៅប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលជប៉ុន នៅតែបន្តផ្ដល់ថវិកាដល់អង្គការ (JMAS) ធ្វើសកម្មភាពនៅប្រទេសកម្ពុជា៕