រដ្ឋាភិបាល​ថា​ការអភិវឌ្ឍ​អចលនទ្រព្យ​និង​សំណង់​ជា​ស្នូល​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​

30-08-2019 11:02 am 723
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​មាន​តួនាទី​គន្លឹះ​ក្នុង​ការជំរុញ​កំណើន អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម អភិវឌ្ឍ​ទីផ្សារការងារ លើកស្ទួយ​សហគ្រាស​ធុន​តូច មធ្យម លើកកម្ពស់​ប្រសិទ្ធភាព​ធុរកិច្ច ពង្រីក​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង វិស័យ​ឯកជន និង​ពង្រឹង​ការប្រកួតប្រជែង​ក្នុង​បរិការណ៍​នៃ «​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤»​។​

​ការអភិវឌ្ឍ​អចលនទ្រព្យ និង សំណង់ បាន​ក្លាយជា​សសរស្តម្ភ​ស្នូល ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​ទំហំ​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ត្រឹម ៣២៦​លាន​ដុល្លារ និង ឈាន​ដល់​កម្រិត​កំពូល ដែល​មិន​ធ្លាប់​មាន​នៅ​ឆ្នាំ ២០០៧ មាន​ទំហំ​វិនិយោគ​រហូតដល់ ៣ ២១១ លាន​ដុល្លារ ហើយ​ក្នុង រយៈពេល ៧ ខែ នៃ​ឆ្នាំ​២០១៩​នេះ ទំហំ​វិនិយោគ​វិស័យ​សំណង់​កើនឡើង​រហូត​ដល់ ៤ ៥៦៧ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​សន្ទរកថា​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ពិធីរ​បើក​សិក្ខាសាលា​ស្ដីពី​“​ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ ក្រុង​បូកគោ និង អ​ភ​វិ​ឌ្ឍ​វិស័យ​ទេសចរណ៍​” កាលពី​ថ្ងៃ​ទី ២៩ សីហា ឆ្នាំ ២០១៩​។ 

​លោក បាន​បញ្ជាក់ទៀតថា នៅ​ឆ្នាំ ២០១៨ កំនើន​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន ៧,៥% ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​បាន​កើន​ដល់ ១ ៥៤៨ ដុល្លារ អត្រា​ភាពក្រីក្រ​ក៏​បាន​ធ្លាក់ចុះ​ពី ៥៣,២% នៅ​ឆ្នាំ ២០០៤ មកក្រោម ១០% ទេសចរ​អន្តរជាតិ​មាន ៦,២ លាន​នាក់ រួមចំណែក​ប្រមាណ ១២,៧%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

ទន្ទឹមនឹងនេះ ការ​លើ​កម្ពស់​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដី សំដៅ​គាំទ្រ​ការវិនិយោគ​និង​ការអភិវឌ្ឍ​អចលនទ្រព្យ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​បាន​ចុះបញ្ជី​ដីធ្លី​បាន​ជាង ៥,២​លាន​បណ្ណ ស្មើរ នឹង ៧៥,៤៥% នៃ​ក្បាល​ដី​សរុប​ប្រមាណ ៧ លាន​ក្បាលដី និង គ្រោង​នឹង​បញ្ចប់ ១០០% នៅ​ឆ្នាំ ២០២១​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រយៈពេល​ខាង​មុខ កម្ពុជា​រំពឹងថា នៅតែ​អាច​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ និង ធានាបាន​នូវ​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង នៅ​ឆ្នាំ ២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​៕

ព័ត៌មានផ្សេងទៀត