កងទ័ព​ចិន​​នៅ​ហុងកុង​​នឹងមិន​ឈរ​​ឱបដៃ​ឡើយ​​បើ​ស្ថានការណ៍​​កាន់តែ​អាក្រក់​

30-08-2019 10:47 am 437

​តាម​ការចុះផ្សាយ​របស់​កាសែត​ចិន​China Daily កាលពី​ថ្ងៃ​សុក្រ​បានឲ្យដឹងថា ទាហាន​ចិន​ដែល​ឈរជើង​នៅ​ហុងកុង គ្មាន​ហេតុផល​ណា​មិន​រវីរវល់​បានឡើយ ប្រសិនបើ​ស្ថានភាព​នៅក្នុង​ទីក្រុង​កាន់តែ​អាក្រក់​។ ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានរៀបចំ​ចល័ត​កងទ័ព​ជើង​អាកាស ជើងគោក និង​ជើង​ទឹក នៅក្នុង​ទីក្រុង​ហុងកុង ជា​សកម្មភាព​កើតឡើង​ចន្លោះពេល​កា​តវ៉ា​នៅ​ហុងកុង កំពុង​រីក​រាលដាល​ឈានដល់​អំពើហិង្សា​។​

​ទាហាន​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​ឈរជើង​នៅ​ហុងកុង​ចាប់តាំងពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ កងទ័ព​ប្រចាំការ​នៅ​ទីនោះ​តែងតែ​ធ្វើ​សមយុទ្ធ​ជា​ញឹកញាប់ ប៉ុន្ដែ​មិនដែល​ឃើញ​ចេញ​ក្រៅ​មូលដ្ឋាន​ទេ​។ ចំពោះ​លទ្ធភាព​នៃ​ការ​ដាក់ពង្រាយ​ទ័ព​នៅពេលនេះ ហាក់ដូចជា​ការគាបសង្កត់​ការតវ៉ា​កំពុង​ផ្ទុះឡើង ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​និយាយថា ខ្លួន​អាច​ដោះស្រាយ​ស្ថានភាព​បាន​។ 

​ក្រុមអ្នកវិភាគ​ប៉ាន់ស្មាន​ថា មាន​កងទ័ព​ចន្លោះ​ប្រមាណ​ពី​៨​ពាន់​ទៅ​១​ម៉ឺន​នាក់ ដាក់ពង្រាយ​ចន្លោះ​ពី​មូលដ្ឋានទ័ព​នៅ​ភាគខាងត្បូង​ប្រទេស​ចិន និង​នៅតាម​បណ្ដាញ​បន្ទាយ​ក្នុង​ក្រុង​ហុងកុង​។ ហុងកុង​ពេលនេះ​ត្រូវបាន​ចិន​ចាត់ទុកជា​តំបន់​គ្រប់គ្រង​រដ្ឋបាល​ពិសេស​មួយ​។ ជាមួយនឹង​ការចាត់ទុក​ហុងកុង​ជា​រដ្ឋបាល​ពិសេស​មែន ប៉ុន្ដែ​នៅ​ពុំទាន់​ដល់ពេល​អំពាវនាវ​ឲ្យ​យោធភូមិភាគ​ប្រចាំ​ហុងកុង​ជួយ​ទេ​។ 

​យ៉ាងណាក៏ដោយ​ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់ ដោយ​អំពើហិង្សា​បន្ដ​កើតឡើង និង​ភាពចលាចល​គំរាមកំហែង​ដល់​ការគ្រប់គ្រង កងទ័ព​ចិន​ប្រចាំ​យោធភូមិភាគ​ហុងកុង នឹងមិន​ឈរ​ឱបដៃ​មើល​ឡើយ​។ ពួកគេ​នៅ​ទីនោះ​មិន​គ្រាន់តែ​ជា​និមិត្ដរូប​នៃ​អធិបតេយ្យភាព​របស់​ចិ​ន​ក្នុង​ទីក្រុង​ហុងកុង​ប៉ុណ្ណោះ​ទេ​។ រដ្ឋធម្មនុញ្ញ​ខ្នាតតូច​ហុងកុង​ដែលជា​ច្បាប់​មូលដ្ឋាន​ហុងកុង  បាន​លើកឡើងថា​ហុងកុង​អាច​ស្នើសុំ​ជំនួយ​ពី​កងទ័ព​ចិន​នៅ​ហុងកុង​បាន ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ប៉ុន្ដែ​ពួកគេ​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​បានទេ​។ 

​សូមបញ្ជាក់ថា ភាពចលាចល​នៅក្នុង​ក្រុង​ហុងកុង បាន​ផ្ទុះឡើង​តាំងពី​ខែមិថុនា​មកម្ល៉េះ ដោយសារតែ​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ មិន​ពេញចិត្ដ​នឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ បច្ចុប្បន្ន​ទោះបីជា​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល ក្រុមបាតុករ​បន្ដ​នាំគ្នា​ប្រមូលផ្ដុំ​ទាមទារ​សិទ្ធិសេរីភាព​ពេញលេញ  ទាមទារ​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ ស្ថិតក្រោម​រូបមន្ដ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​៕

 ពាក្យគន្លឹះ  ចិនហុងកុងចល័តទ័ព

ព័ត៌មានផ្សេងទៀត