ល្បែងភ្នាល់​​រវាង​លោក​ហ៊ុន សែន​ និង​លោក​សម រង្ស៉ី ​ចាប់ផ្តើម​ជាថ្មី​រឿង​ចូល​ស្រុក​​ថ្ងៃទី​០៩វិច្ឆិកា​​

30-08-2019 10:29 am 2021

​លោក​សម រង្ស៊ី បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​Facebook​ថា​«​បើ​យើង​គោរព​ប្រទេសជាតិ​របស់​យើង​មែន យើង​មិនត្រូវ​ភ្នាល់​គ្នា​ដោយ​ដាក់​លុយ​ទេ ទាក់ទង​អនាគត​ប្រទេសជាតិ​របស់​យើង​។ យើង​ជា​អ្នកនយោបាយ មិនមែនជា​អ្នកលេង​ល្បែងស៊ីសង​ទេ​។ តែ​ខ្ញុំ​អាច​ទទួលយក​នូវ​ការ​ភ្នាល់​គ្នា​បែបនេះ​៖ បើ​លោក​ហ៊ុន សែន មិន​ជឿថា​ខ្ញុំ​នឹង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​មែន នៅ​ថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះ​ទេ តើ​លោក ហ៊ុន សែន យល់ព្រម​ចុះ​ចេញពី​តំណែង​ភ្លាម​មួយ​រំពេច​ទេ នៅពេលដែល​ខ្ញុំ​មក​ជាន់​ទឹកដី​ប្រទេស​កម្ពុជា​យ៉ាង​ជាក់ស្តែង នៅ​ថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ​? យើង​អាច​ស្នើឲ្យ​ប្រទេ​សចិន​ធ្វើជា​សាក្សី ក្នុងការ​ភ្នាល់​គ្នា​នេះ​»​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា ឆ្នាំ​២០១៩​នេះ លោក​ហ៊ុន សែន បានធ្វើ​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​អង្គភាព​ព័ត៌មាន Fresh News ដើម្បី​ឆ្លើយតប​នឹង​លោក​សម រង្ស៊ី។

លោក​និយាយថា​«​ខ្ញុំ​យល់ព្រម​ទទួល​ការ​ភ្នាល់​ជាមួយ​អា​ម្សៀ រង្ស៊ី ប្រសិនបើ​អ្នកឯង​ជាន់​ទឹកដី​ខ្មែរ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩​ហើយ ខ្ញុំ​ចាប់​អ្នកឯង​មិនបាន​ក្នុង​រយៈពេល ២៤​ម៉ោង ខ្ញុំ​នឹង​សុខចិត្ត​ចុះ​ចេញពី​តំណែង​។ ប៉ុន្តែ​បើ​ខ្ញុំ​ចាប់ខ្លួន​អ្នកឯង​បាន​វិញ អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ ព្រមទាំង​រំលាយ​អង្គការ​ចាត់តាំង​ទាំងឡាយណា ដែល​អ្នកឯង​បាន​បង្កើតឡើង​។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នកឯង​មិន​ក្លាហាន​ហ៊ាន​ចូលមក​កម្ពុជា​វិញ​ទេ នោះ​អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ និង​រំលាយ​អង្គការ​ចាត់តាំង​ដែល​អ្នកឯង​បង្កើត​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន​ចំពោះ​ការ​ភ្នាល់​នេះ​?»

​លោក​ហ៊ុន សែន បន្ថែមថា ប្រសិនបើ​អ្នកណាម្នាក់​មិន​គោរព​លើ​ការសន្យា​នៃ​ការ​ភ្នាល់​នេះ សូមឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​លើលោក​ផ្តាច់ជី​វិត​អ្នក​ដែល​មិន​គោរព​ការសន្យា និង​ក្រុមគ្រួសា​រទាំង​ពូជ​តែម្តង​។​លោក​ហ៊ុន សែន សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ធ្វើជា​សាក្សី​ចំពោះ​ការ​ភ្នាល់​នេះ ទៀតផង​។​

​ជា​ការកត់សម្គាល់​ផងដែរ ទាក់ទង​នឹង​ការកំណត់​កាលបរិច្ឆេទ​ចូល​ស្រុក​ថ្ងៃទី​០៩ វិច្ឆិកា នេះ លោក​ហ៊ុន សែន ក៏បាន​និពន្ធ​បទ​ចម្រៀង​ថ្មី​មួយ​ដោយ​លោក​អះអាងថា «​ដើម្បី​ឲ្យស្រប​ជាមួយ​សភាពការណ៍​ថ្មី បទ​ថ្មី​នេះ​លោក​ដាក់ឈ្មោះថា​«​ទទា​យំ​ឆ្លង ២០១៩»​។​

​បទ​ថ្មី​របស់លោក​ហ៊ុន សែន មាន​ខ្លឹមសា​រថា គុក កំពុង​រង់ចាំ​លោក​សម រង្ស៊ី ហើយ​សង្ឃឹមថា ​លោក​សម រង្ស៊ី នឹងមិន​ធ្វើឲ្យ​លោក​ខ្មាស​គេ​ទៀត​នោះទេ​។ លោក​ហ៊ុន សែន ធ្លាប់បាន​តែង​បទ​ឌឺដង​លើ​លោកសម រង្ស៊ី យ៉ាងហោចណាស់ ២ ដង​រួចហើយ ​កាលពី​លោក​សម រង្ស៊ី បាន​ភ្នាល់​ជាមួយ​លោក ​ពាក់ព័ន្ធ​នឹង​ការដោះលែង​លោកកឹម សុខា ដោយ​លោក​សម រង្ស៊ី ថា​នឹង​ចូលមក​ឲ្យ​ចាប់ខ្លួនបើលោ​កកឹម សុខា មិន​ត្រូវបាន​ដោះលែង​ត្រឹម​ខែ​មីនាឆ្នាំ ២០១៩​។​

​តែ ​ការ​តែង​ជា​បទ​ចម្រៀង ​របស់លោក​ហ៊ុន សែន នេះ ត្រូវ​លោក​សម រង្ស៊ី បាន​ហៅ​លោក​ហ៊ុន សែន​ថា ជាកូនក្មេង​មិន​គ្រប់​ទឹក​។ លោក​សម រង្ស៊ី ថា​នាយករដ្ឋមន្ត្រី ដែលមាន​ស្មារតី​ទទួលខុសត្រូវ គួរតែរៀបចំ និង​អនុវត្ត​នយោបាយ និង​វិធានការ​ត្រឹមត្រូវ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ តែ​មិនគួរ​តាក់តែង​ចម្រៀង​ទេ នៅពេលដែល​ប្រឈមមុខ​គូប្រឆាំង ដែល​ទិតៀន​ខ្លួន​។​

​សូមបញ្ជាក់ថា កន្លងមក មេដឹកនាំ​នយោបាយ​ចាស់វស្សា​ទាំងពីរ​នេះ ធ្លាប់បាន​យក​សេរីភាព​លោក​កឹម សុខា មក​ភ្នាល់​គ្នា​ម្តង​រួចមកហើយ តែ​មិនឃើញ​មាន​លទ្ធផល​អ្វី​ឡើយ ឯ​លោក​កឹម សុខា ក៏​នៅតែ​មិនទាន់​ទទួលបាន​សេរីភាព​រហូតមកដល់​ពេលនេះ ដដែល​៕

ព័ត៌មានផ្សេងទៀត