ធនាគារ​ជាតិ​ព្រមាន​បន្ត​ចាត់វិធានការ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បំពាន​ច្បាប់​

29-08-2019 8:02 pm 359
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​ទទួល​ព័ត៌មាន​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ខ្លះ​បាន​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិយុត្ត​របស់​ធនាគារជាតិ ហើយ​ខ្លះ​បាន​ដើរ​ភូតភរ ឆបោក​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​បាន​ព្រមាន​បន្ត​ចាត់វិធានការ​លើ​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា​ដែល​បាន​បំពាន​លើ​ច្បាប់​របស់​ធនាគារជាតិ​កម្ពុជា ។ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី មីក្រូហិរញ្ញវត្ថុ​និង​ផលប៉ះពាល់ នៅ​ថ្ងៃ​ទី​២៩ សីហា ...

​អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារ​ជាតិ​កម្ពុជា​បាន​និយាយថា ធនាគារ​ជាតិ​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា បើ​រកឃើញ​ថា​ស្ថាប័ន​ណាមួយ​បាន​បំពាន​ច្បាប់​របស់​ធនាគារជាតិ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​នឹង​ត្រូវ​បាន​ទទួលរង​នូវ​ពិន័យ​ធ្ងន់ធ្ងរ ។​

​លោក រ័ត្ន សុវណ្ណ​នរៈ បន្តថា ក្នុងករណី​រកឃើញ ឬ​មាន​តម្រុយ​គ្រប់គ្រាន់​ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី​នៃ​អាជីវកម្ម​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណាមួយ ដែល​បាន​ធ្វើ​ការងារ​ដោយ​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ធនាគារ​ជាតិ​នឹង​មាន​វិធានការ​ចំពោះ​គ្រឹះស្ថាន​នោះ តាមរយៈ​ការដាក់ពិន័យ និង​បណ្តេញ​បុគ្គល​ណា​ដែល​អនុវត្ត​ការងារ​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ។​

​លោក​បន្តថា វិធានការ​នេះ​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់​នា​ពេលកន្លងមក ។ ជាមួយគ្នានេះ ធនាគារ​ជាតិ​នឹង​មាន​វិធានការ​បន្ថែម បើសិនជា​មាន​ភស្តុតាង​ច្បាស់លាស់​ថា អតិថិជន​នោះ បាន​ទទួលរង​នូវ​ការ​ធ្វើ​បាប ការបំពាន​ពី​គ្រឹះស្ថាន ដែល​មាន​អាជ្ញា​បណ្ណ​ស្របច្បាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ។​

​លោក​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​មាន​ស​ម​ត្ថ​កិច្ច​ក្នុង​ខេត្ត​នីមួយៗ ត្រូវ​បន្ត​ចូលរួម​សហការ​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​សកម្មភាព​ឆបោក​របស់​ជនខិលខូច ដែល​ដើរ​ចងការ ឬ​ឱ្យ​ខ្ចីប្រាក់​ក្រៅ​ប្រព័ន្ធ គ្មាន​ច្បាប់ ឱ្យបាន​ជា​ដាច់ខាត ៕

ព័ត៌មានផ្សេងទៀត