អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថានលោកAsif Ghafoor បានអះអាងថា យោធាប៉ាគីស្ថានបានអនុវត្តការហ្វឹកហាត់ ការបាញ់មីស៊ីលឆ្លងទ្វីប ប្រភេទ Ghaznavi ប្រកបដោយជោគជ័យ។ មីស៊ីនេះ មានសមត្ថភាពបញ្ជូនក្បាលគ្រាប់ជាច្រើនប្រភេទ។ សមយុទ្ធនេះ បានកើតឡើងនៅពេលភាពប្រទូសរ៉ាយ រវាងប៉ាគីស្ថាននិងឥណ្ឌាបានកើនឡើង បន្ទាប់លោកណារិន ដ្រាមូឌីនាយករដ្ឋមន្ត្រីឥណ្ឌា បានសម្រេចលុបចោលសិទ្ធិ្ធស្វ័យភាពនៅតំបន់កាស្មៀរ។ ការថ្លែងរបស់លោកមូឌី ធ្វើឡើងក្នុងឱកាស នៃការប្រារព្វទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩។
ចំពោះប៉ាគីស្ថាន យល់ថា ឥណ្ឌាទំនងមានគម្រោងប្រើប្រាស់កងទ័ព ឲ្យធ្វើអ្វីម្យ៉ាងនៅទីនោះ។ ប៉ាគីស្ថានបានឆ្លើយតបយ៉ាងកំហឹង ដើម្បីប្រឆាំងនឹងការសម្រេចដកស្វ័យភាពនេះ ដោយភ្លាមៗបានផ្អាកការធ្វើពាណិជ្ជកម្មទ្វេភាគី និងកាត់បន្ថយទំនាក់ទំនងការទូតឥណ្ឌា។ បន្ថែមលើនេះ ប៉ាគីស្ថាន បានគំរាមថាត្រៀមខ្លួន ដើម្បីទប់ទល់ជាមួយឥណ្ឌាថែមទៀតផង។
ឥណ្ឌានិងប៉ាគីស្ថាន ដែលជាប្រទេសមាននុយក្លេអ៊ែរដូចគ្នា មានប្រវត្តឈ្លោះទាស់ទែងគ្នានៅកាស្មៀរជាយូរណាស់មកហើយ។ ពោល តាំងពីឥណ្ឌានិងប៉ាគីស្ថាន នៅជាប្រទេសតែមួយរួមគ្នាម្ល៉េះ។ អំឡុងពេលឥណ្ឌាស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេស កាស្មៀរ គឺជារដ្ឋមួយនៅក្នុងរដ្ឋសហព័ន្ធឥណ្ឌា។ ក្រោយអង់គ្លេស បញ្ចប់អាណានិគមប្រគល់ឯករាជ្យ ក៏បានពុះចែកទឹកដីឥណ្ឌាជាពីរ គឺឥណ្ឌានិងប៉ាគីស្ថាន។ ចំណែកតំបន់កាស្មៀរ នៅតែជាចំណុចប្រទាញប្រទុងគ្នា រហូតភាគីទាំងពីរឥណ្ឌានិងប៉ាគីស្ថាន លើកទ័ពទៅបញ្ឈរជើងនៅតំបន់នោះ ហើយជម្លោះចាប់ផ្តើមផ្ទុះឡើង ចាប់តាំងពីពេលនោះមក៕