កងទ័ព​កម្ពុជា​-​ឡាវ​ ត្រៀម​ដក​កម្លាំង​​ចេញពី​តំបន់​មុំ​បី​ ក្រោយ​ជួប​ចរចា​គ្នា​​

29-08-2019 10:40 am 503

​ថ្ងៃទី​២៩ សីហា នេះ កងកម្លាំង​នៃ​ភាគី​កម្ពុជា​ចំនួន​៥​នាក់ និង​កងកម្លាំង​ភាគី​ឡាវ​៥​នាក់ រួមគ្នា​ចុះ​ពិនិត្យ​ការកែសម្រួល​កងកម្លាំង ដែល​ឈរជើង​នៅ​តំបន់​មុំ​បី ដើម្បី​ឈានទៅដល់​ការដក​កងកម្លាំង​រៀងៗ​ខ្លួន តាម​បទបញ្ជា​របស់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​។​

​បើតាម​ឧត្តមសេនីយ៍​មួយរូប​របស់​កម្ពុជា ដែល​ឈរជើង​នៅ​តំបន់​នោះ បាន​ថ្លែងប្រាប់​តាមរយៈ​បណ្តា​ញ​ព័ត៌មាន​Fresh News នា​ព្រឹក​ថ្ងៃនេះ​ថា កងទ័ព​កម្ពុជា​-​ឡាវ កំពុង​ត្រៀមលក្ខណៈ​ដើម្បី​ដក​កម្លាំង​រៀងៗ​ខ្លួន​ចេញពី​តំបន់​មុំ​បី ព្រំប្រទល់ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ក្រោយពី​មានការ​ជួបចរចា​គ្នា និង​មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​កំពូល​។​

​កាលពី​រសៀល​ថ្ងៃទី​២៨ សីហា លោកស្រី ឌឹ​ក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣ ជា​ប្រធាន​គណៈប្រតិភូ​ភាគី​កម្ពុជា  និង​លោក​ដួង ច័ន្ទ មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩ បាន​ដឹកនាំ​កម្លាំង​ភាគី​កម្ពុជា បាន​ចុះ​ជួបចរចា ជាមួយ​ភាគី​ឡាវ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ស៊ុកៃ ភិម​មៈសាន មេបញ្ជាការ​យោធា​ចាំ​ប៉ា​សាក់ នៃ​កងទ័ព​ប្រជាជន​ប្រទេស​ឡាវ​។ ជំនួប​នេះ​ធ្វើឡើង​នៅ​ទីតាំង​កងអនុសេនាធំ​ទី​១ វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៩៥ របស់​កងពលតូច​អន្តរាគមន៍​លេខ​៩ ចំការចេក តំបន់​មុំ​បី ព្រំដែន​កម្ពុជា​-​ឡាវ​។​

​ក្នុងជំនួប​ចរចា​នេះ ភាគីទាំងពីរ បាន​ប្រគល់​តួនាទី និង​ភារកិច្ច​មួយចំនួន ​ជូន​ក្រុម​សង្កេតការណ៍ ត្រួតពិនិត្យ​នូវ​ការដក​កម្លាំងយោធា​ពី​ភាគី​ម្ខាងៗ​ចំនួន​៥​នាក់​ដូចគ្នា ដើម្បី​អនុវត្ត​ការ​នូវ​ការដក​កម្លាំង​យោធ​ទាំងពីរ​ភាគី​ចេញ​ឱ្យអស់ ជា​ស្ថាពរ​ពី​ចំណុចកើតហេតុ​កន្លងមក​។​

​តាម​ការអះអាង​ពី​ភាគី​កម្ពុជា ស្រង់​សម្តី​មេបញ្ជាការ​កងទ័ព​ឡាវ​នៅ​តំបន់​នេះ ប្រាប់​ដល់​កងទ័ព​កម្ពុ​ជា ថា ភាគី​ឡាវ​មិន​មានបំណង​ណាមួយ ចង់​មាន​ជម្លោះ​ជាមួយ​កម្ពុជា​ឡើយ ហើយ​តំបន់​នេះ​ក៏​មិនមាន​ភាព​តានតឹង​នោះដែរ ដោយ​កងទ័ព​ប្រទេស​ពីរ​នៅ​តំបន់​នេះ បាន​ជួប​ទទួលទាន​អាហារ​រួមគ្នា​ជា​ញឹកញាប់​កន្លងមក​៕

 ពាក្យគន្លឹះ  កម្ពុជាឡាវ

ព័ត៌មានផ្សេងទៀត