ចិន​ចល័ត​ទ័ព​​ចូល​ហុងកុង​​ជាថ្មី​​ខណៈ​​វិបត្ដិ​​កំពុង​​ជាប់គាំង

29-08-2019 10:02 am 420

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៩​សីហា​នេះ​ថា ចិន​បាន​ចល័ត​យោធា​ចូលទៅក្នុង​ក្រុង​ហុងកុង​ជាថ្មី ដោយ​លើកឡើងថា​ការ​ចល័ត​ទ័ព​នេះ​ជាការ​ធ្វើតាម​ទម្លាប់​ប៉ុណ្ណោះ​។ វា​ក៏​កើតឡើង​ស្របពេល​ក្រុមបាតុករ​ហុងកុង​បន្ដ​ប្រមូលផ្ដុំ​តវ៉ា នៅក្នុង​ទីក្រុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​អាស៊ី​មួយ​នេះ​។ អ្នកការទូត​អាស៊ី​និង​អឺរ៉ុប​នៅ​ហុងកុង កំពុងតែ​ឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់​លើ​ការចល័ត​ទ័ព ថា​តើ​មាន​សញ្ញា​មិន​ប្រក្រតី ដូចជា​បង្កើន​ចំនួន​ទ័ព​ច្រើនជាង​មុន ឬ​មាន​សកម្មភាព​អ្វី​ប្លែក​ឬ​អត់​។ 

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​ចុះផ្សាយ​ថា កងទ័ព​រំដោះប្រជាជន​ចិន​ប្រចាំ​យោធភូមិភាគ​ហុងកុង បានចាប់ផ្ដើម​ចល័ត​ទ័ព​លើក​ទី​២២​នៅ​ថ្ងៃទី​២៩​សីហា​នេះ គិត​តាំងពី​ចិន​ចាប់ផ្ដើម​ធ្វើ​យោធភូមិភាគ​នៅ​ហុងកុង​ក្នុង​ឆ្នាំ​១៩៩៧​។ ដោយ​ទទួលបាន​ការអនុម័ត​ពី​គណៈកម្មាធិការ​កណ្ដាល​យោធា ការ​ចល័ត​ទ័ព​ត្រូវបាន​ធ្វើឡើង​ជាប្រចាំ​ស្របតាម​ច្បាប់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ចែងថា​ហុងកុង​នឹង​អនុវត្ដ​ប្រព័ន្ធ​ចល័ត​ទ័ព​ក្នុងនាម​ជា​សមាជិក​របស់​ចិន​។​

សារព័ត៌មាន​ស៊ីន​ហួរ​បានបង្ហាញ​រូបភាព​រថយន្ដ​ដឹក​ទ័ព និង​រថយន្ដ​ដឹក​អាវុធ​នៅតាម​តំបន់​ព្រំដែន ប៉ុន្ដែ​មិន​បានបញ្ជាក់​ច្បាស់​ទេ​ថា ជា​ការធ្វើដំណើរ​ចូល​ឬក៏​ចេញពី​ហុងកុង​។ ក៏មាន​ការបង្ហាញ​រូបភាព​នាវា​កងទ័ពជើងទឹក​ធុន​តូច​មួយគ្រឿង​ផងដែរ ដែល​បាន​ធ្វើដំណើរ​ទៅដល់​ក្រុង​ហុងកុង​។ 

​បច្ចុប្បន្ន​ភាពចលាចល​នៅក្នុង​ក្រុង​ហុងកុង មិនទាន់​រកឃើញ​ដំណោះស្រាយ​ទេ​។ ហុងកុង​កំពុង​ចលាចល ប៉ុន្ដែ​មេដឹកនាំ​ហុងកុង​ថា​ស្ថានការណ៍​នៅ​អាច​គ្រប់គ្រង​បាន​។ នៅ​មិនទាន់​កំណត់​បានទេ​ថា នឹងមាន​វិធីសាស្ដ្រ​អ្វី​ដើម្បី​បញ្ចប់​វិបត្ដិ​ដែល​កំពុង​រីក​រាលដាល​នេះ ស្របពេល​រដ្ឋាភិបាល​និង​ក្រុមបាតុករ​កំពុង​ខ្វែងគំនិត​គ្នា​។​

​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាញ់​ដាក់​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ផងដែរ ហើយ​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម បានចេញ​ការព្រមាន​ថា អាជ្ញាធរ​អាច​នឹង​ប្រើ​កងកម្លាំង​ដើម្បី​បង្ក្រាប​ការកើនឡើង​អំពើហិង្សា​។ កាសែត​ចិន​China Daily​បាន​ព្រមាន​ថា គម្លាត​រវាង​រដ្ឋាភិបាល​និង​ក្រុម​តវ៉ា​មើលទៅ​ហាក់ដូចជា​មិនអាច​ដោះស្រាយ​បានទេ ដោយសារតែ​រដ្ឋាភិបាល​ហុងកុង​មិនអាច​លេបថ្នាំ​តាម​វេជ្ជបញ្ជា​របស់​ក្រុមបាតុករ​។ មានន័យថា​រដ្ឋាភិបាល​ហុងកុង មិនអាច​ធ្វើតាម​ការទា​ម​ទារ​របស់​ក្រុមបាតុករ​បាន​៕

 ពាក្យគន្លឹះ  ចិនហុងកុងចល័តទ័ព

ព័ត៌មានផ្សេងទៀត