រដ្ឋមន្ត្រី​ទេសចរណ៍​ចង់ឱ្យ​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​បង្កើត​សមាគម​អាកាសចរណ៍​

28-08-2019 8:49 pm 93
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​អាកាសចរណ៍ នៅ​ថ្ងៃ​ទី​២៨ សីហា លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិចារណា​រួម​គ្នា​បង្កើត​សមាគម​អាកាសចរណ៍ ដើម្បី​ចូលរួម​ការងារ​ផ្សព្វផ្សាយ និង​ពង្រីក​ជើងហោះហើរ​ត្រង់​បន្ថែម​ទៅ​កាន់​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ...

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ស្នើ​ឱ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​សហការ​បង្កើត «​សមាគម​អាកាសចរណ៍​» ដើម្បី​ងាយស្រួល​ក្នុង​ការពិគ្រោះ និង​ដោះស្រាយ​ការងារ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ធ្វើដំណើរ​ផ្លូវអាកាស​ឱ្យ​បានរ​លូន ។​

​លោក ថោង ខុន ថា តាមរយៈ​ការបង្កើត​សមាគម​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ខិតខំ​ផ្តល់​សេវា​ល្អ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ត្រូវ​សិក្សា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម​ពី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ក្នុងនោះ​មាន​រដ្ឋធានី​ប៉េកាំង និង​ខេត្ត​សំខាន់ៗ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំការ​នៅ​ទីនោះ ។​

​លោក​បន្តថា ចំពោះ​គោលដៅ​ប្រទេស​ជប៉ុន​មាន​ដូចជា​រាជធានី​តូ​ក្យូ​, ទីក្រុង​អូ​សា​កា និង​ទីក្រុង​ហ្វ៊​យ​កូ​កា ចំណែក​គោលដៅ​ប្រទេស​ឥណ្ឌា​មានដូចជា រដ្ឋធានី​ញូ​ដេលី​, កាល​កូតា និង​រដ្ឋ​អា​សាំ​ជាដើម ។​

​បើ​តាម​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា​បាន​កំពុង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ថៃ​, វៀតណាម​, ឡាវ​, ហ្វីលីពីន​, ឥណ្ឌូនេស៊ី​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, ភូមា​, អាស៊ាន​បូក​បី និង​អារ៉ាប់​ជាដើម ៕

ព័ត៌មានផ្សេងទៀត