លោកឧត្តមសេនីយ៍ឯក ជាពៅ ប្រធាននាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនិងបទល្មើស បច្ចេកវិទ្យា បានថ្លែងនៅថ្ងៃ២៨សីហានេះ ដោយបដិសេធ អំពី ករណីឃាតកម្មកើតឡើងក្នុងផ្សារអ៊ីអន២ និងបានដាក់បទបញ្ជាមន្ត្រីក្រោមឱវាទ ស្រាវជ្រាវជាបន្ទាន់។ យោងទៅតាមការចុះផ្សាយ ដោយគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ករណីឃាតកម្មមួយនោះបានកើតឡើងនៅក្រៅប្រទេស ប៉ុន្តែមានការសរសេរបំផុសថាកើតឡើងក្នុងផ្សារទំនើបអ៊ីអន២ នៅរាជធានី ភ្នំពេញ។ ការស្រាយបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ថា មានករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ទាំងកណ្តាលថ្ងៃត្រង់ នៅផ្សារទំនើបអ៊ីអន២។
លោកឧត្តមសេនីយ៍ឯក ជាពៅបានថ្លែងថា «ក្នុងនាមនាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនិងបទល្មើសបច្ចេកវិទ្យា បន្ទាប់ពីបានពិនិត្យឃើញPage មួយ ដែលបង្ហោះ ថាមានឃាតកម្មនៅផ្សារអ៊ីអន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ យើងបានចុះស្រាវជ្រាវនិងសហការជាមួយសមត្ថកិច្ចមូលដ្ឋាន។ យើងបានពិនិត្យឃើញថា ព័ត៌មាននេះ ជាព័ត៌មានក្លែងក្លាយ ដែលសរសេរនៅក្នុងPage មួយ។ នាយកដ្ឋានជំនាញ បានចាត់ វិធានការស្រាវជ្រាវ អំពី Page នេះហើយ។ »
ពាក់ព័ន្ធនឹងករណីនេះដែរ អធិការនគរបាលខណ្ឌសែនសុខ លោកហួរ ម៉េងវ៉ាង បានបំភ្លឺតាមរយៈគណនីហ្វេសប៊ុកដែរថា ពុំមានករណីឃាតកម្ម កើតឡើងនៅក្នុងផ្សាទំនើបអ៊ីអន២ទេ។ អធិការនគរបាលខណ្ឌសែនសុខរូបនេះ បានអំពាវនាវដល់បុគ្គលដែលផ្តើមផ្សព្វផ្សាយព័ត៌មាននេះ គួរតែមានមូលដ្ឋានព័ត៌មានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ចៀសវាងនាំឲ្យមានការភាន់ច្រឡំ បំប៉ោងសភាពការណ៍ពិតនៅកម្ពុជា៕