តួ​ក​គី​​កំពុង​​ពិភាក្សា​​​ទិញ​យន្ដហោះ​​​ចម្បាំង​​​ពី​រុស្ស៊ី​​ទោះ​​អាមេរិក​​ព្រមាន​

28-08-2019 4:49 pm 375

​ប្រទេស​រុស្ស៊ី​និង​តួ​ក​គី​កំពុង​ពិភាក្សា​ពី​លទ្ធភាព បញ្ជូន​យន្ដហោះ​ចម្បាំង​បំបាំងកាយ​របស់​រុស្ស៊ី​ប្រភេទ​Sukhoi Su-57 និង​យន្ដហោះ​ចម្បាំង​Su-35​ទៅកាន់​ប្រទេស​តួ​ក​គី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដោយ​ដកស្រង់​សម្ដី​មន្ដ្រី​រុស្ស៊ី​និយាយ​នៅ​ថ្ងៃទី​២៨​សីហា​នេះ​។ រុស្ស៊ី​ទើប​បានចាប់ផ្ដើម​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ទៅកាន់​ប្រទេស​តួ​ក​គី​ក្នុងឆ្នាំនេះ ជា​ជំហាន​មួយ​ធ្វើឲ្យ​ផ្ទុះ​ភាព​តានតឹង​យ៉ាងខ្លាំង រវាង​រដ្ឋ​ជា​សមាជិក​អង្គការ​ណា​តូ​ជាមួយ​ទីក្រុង​អង់កា​រ៉ា​។ ដោយសារតែ​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី តួ​ក​គី​ត្រូវបាន​អាមេរិក​ដក​ចេញពី​កម្មវិធី​ផលិត​យន្ដហោះ​ចម្បាំង​F-35 ដែល​តួ​ក​គី​គ្រោង​នឹង​ទិញ​យន្ដហោះ​ចម្បាំង​នេះ​ផងដែរ​។​

​ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្ដិការ​កិច្ចការ​បច្ចេកទេស​យោធា​សហព័ន្ធរុស្ស៊ី​បាន​និយាយថា លោក​គ្រោង​នឹង​ពិភាក្សា​រឿង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400​ជាមួយ​ភាគី​តួ​ក​គី ក៏ដូចជា​ការបញ្ជូន​យន្ដហោះ​ចម្បាំង Su-35 និង Su-57​ទៅ​តួ​ក​គី​ផងដែរ​។ លោក​ថា​មាន​ការបង្ហាញ​ផលប្រយោជន​ទៅវិញទៅមក ហើយ​កិច្ចចរចា​ដំណាក់កាល​ដំបូង​លើ​កិច្ចសន្យា​ទិញ​លក់ នៅ​មិនទាន់​ពេញលេញ​នៅឡើយ​។ ដូច្នេះ​ទាមទារ​ឲ្យមាន​ការពិភាក្សា​បន្ថែមទៀត​។​

​ចំណែក​លោក​ប្រធានាធិបតី​តួ​ក​គី​Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា តួ​ក​គី​ចង់​បន្ដ​ការពារ​កិច្ចសហប្រតិបត្ដិការ​ឧស្សាហកម្ម​ជាមួយ​រុស្ស៊ី ក្នុងនោះ​មាន​កិច្ចសហប្រតិបត្ដិការ​ផ្នែក​យន្ដហោះ​ចម្បាំង​ជាដើម បន្ទាប់ពី​ជជែក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin នៅក្នុង​ទីក្រុង​ម៉ូស្គូ​ក្នុងប្រទេស​រុស្ស៊ី​។​

​សូមបញ្ជាក់ថា ស្របពេល​កំពុង​ចង់​រឹតចំណង​មិត្ដ​ភាពជា​មួយ​ប្រទេស​រុស្ស៊ី តួ​ក​គី​កំពុង​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​។ អាមេរិក​មិន​ចង់ឲ្យ​តួក​គី​ទិញ​អាវុធ​ពី​រុស្ស៊ី​ឡើយ ពិសេស​បំផុត​គឺ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400 ដែល​អាមេរិក​ថា​បច្ចេកវិទ្យា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ អាច​តាមដាន​ដឹង​ទិន្នន័យ​របស់​យន្ដហោះ​ចម្បាំង​អាមេរិក​។ អ៊ីចឹង​ទេ​រុស្ស៊ី​អាច​យក​ទិន្នន័យ​ដែល​ចាប់បាន​នោះ ទៅ​អភិវឌ្ឍ​អាវុធ​របស់គេ​កាន់តែខ្លាំង​ជាង​មុន​។ នេះហើយ​ជា​ហេតុផល​អាមេរិក​សម្រេច​ដក​តួ​ក​គី ចេញពី​កម្មវិធី​អភិវឌ្ឍន៍​យន្ដហោះ​ចម្បាំង​៕

ព័ត៌មានផ្សេងទៀត