​លោក​សុខ ទូច​៖​​ការបារម្ភ​រឿង​ពលរដ្ឋ​ជំពាក់​លុយ​ធនាគារ​​ជា​ទិដ្ឋភាព​នយោបាយ​ច្រើនជាង​​

28-08-2019 4:19 pm 4001

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុក​ការព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល រឿង​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ គ្រឹះស្ថាន​មីគ្រូហិរញ្ញវត្ថុ ថា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​ទេ គឺជា​ទិដ្ឋភាព​នយោបាយ​ច្រើនជាង​។ ការលើកឡើង​របស់លោក សុខ ទូច បែបនេះ ក្រោយពី​មាន​អង្គការ​សង្គម​ស៊ីវិល រកឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្រិត​នៃ​បំណុល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​កើនឡើង​កាន់តែខ្លាំង​ឡើងៗ ដែល​នេះ​បណ្តាលឱ្យ​អាច​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន​។

​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី «​ដំណើរ​ប្រព្រឹត្តទៅ និង​ភាពជា​ដៃគូ​នៃ​សេវាកម្ម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា ឆ្នាំ​២០១៩ នេះ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុក​ការ​ការព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល រឿង​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ គ្រឹះស្ថាន​មីគ្រូហិរញ្ញវត្ថុ ថា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​ទេ គឺជា​ទិដ្ឋភាព​នយោបាយ​ច្រើនជាង​……………

​សំឡេង​លោក​សុខ ទូច​៖

​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ ក៏បាន​រិះគន់​អ្នកនយោបាយ​មួយចំនួន ដែល​យក​រឿង​ប្រជាពលរដ្ឋ​ជំពាក់​លុយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មក​វាយប្រហារ​រដ្ឋាភិបាល​កន្លងមក​ផងដែរ​។ លោក សុខ ទូច បាន​ស្នើឱ្យ​អ្នកនយោបាយ កុំ​ប្រើប្រាស់​អ្វីដែល​គ្មាន​ការសិក្សា​ស្រាវជ្រាវ​មក​ធ្វើជា​របកកំហើញ ហើយ​វាយប្រហា​រដ្ឋាភិបាល ដើម្បី​គេង​ចំណេញ​នយោបាយ អ្នកនយោបាយ​គួរ​អាណិត​ប្រជាជន និង​សង្គមជាតិ​។ 

ការលើករបស់លោក សុខ​ ទូច​ បែប​នេះ ក្រោយពីអង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្សលី​កាដូ និង​សមាគម​ធាងត្នោត ធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយបាន​រកឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្រិត​នៃ​បំណុល​របស់​ប្រជាពលរដ្ឋ​បាន​កើនឡើង​កាន់តែខ្លាំង​ឡើងៗ ដែល​នេះ​បណ្តាលឱ្យ​អាច​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ការបង្ខំ​ឱ្យ​លក់​ដី ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​។​

​អង្គការ​សមាគម​ទាំងនេះ បន្តថា ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ផ្តល់ព័ត៌មាន​លម្អិត​អំពី​ទំហំ​និង​វិសាលភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​។ ការសិក្សា​ស្រាវជ្រាវ​នេះ ធ្វើឡើង​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន​៤ រួមទាំង​រាជធានី​ភ្នំពេញ ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ​រួមបញ្ចូល​ទាំង ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃ​ការរំលោភបំពាន​សិទ្ធិមនុស្ស បន្ទាប់ពី​អ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយនឹង​អតិថិជន​ចំនួន​២៨​នាក់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​

​ប៉ុន្តែ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ខាងលើនេះ ត្រូវបាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ច្រានចោល និង​ថា​របាយការណ៍​នេះ មិន​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះទេ​។ របាយការណ៍​នេះ ផ្តោត​តែ​ទៅលើ​គុណវិបត្តិ ដើម្បី​បង្កើតឲ្យមា​នរូប​ភាពជា​អវិជ្ជមា​ន ដែល​គ្មាន​ភាពប្រាកដនិយម​ទៅលើ​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា ស្របពេល​ការសិក្សា​ផ្សេងៗ​ត្រូវបាន​ធ្វើឡើង​តែ​លើ​២៨​ករណី ក្នុងចំណោម​អ្នក​ខ្ចីប្រាក់​ច្រើនជាង​២​លាន​នាក់ នៅក្នុង​សៀវភៅ​កំណត់ត្រា​នា​ពេលបច្ចុប្បន្ន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​

​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​បញ្ជាក់ថា របាយការណ៍​នេះ មិន​បង្ហាញ​ពី​ភាពជាក់ស្តែង​ទៅលើ​រូបភាព​ទាំងស្រុង​លើ​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ ផ្ទុយទៅវិញ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា មាន​ការរីកចម្រើន​ដ៏​គួរឲ្យកត់សម្គាល់ និង​បាន​បង្កើន​កម្រិត​នៃ​ការជួយ​ផ្តល់ទុន​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ​៕

ព័ត៌មានផ្សេងទៀត