គិតត្រឹមព្រឹកថ្ងៃទី២៨ខែសីហានេះ មនុស្សពីរនាក់ហើយបានស្លាប់បាត់ជីវិត ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគនិរតីប្រទេសជប៉ុន។ ភ្លៀងធ្លាក់ខ្លាំងដូច្នេះបង្កជាទឹកជំនន់ បាក់ដី និងគ្រោះធម្មជាតិផ្សេងៗទៀត ហើយអាជ្ញាធរបានបញ្ជាឲ្យប្រជាជន៦៧ម៉ឺននាក់ ត្រូវចាកចេញពីលំនៅឋានទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់។ ប្រជាជនជិតមួយលាននាក់ផ្សេងទៀត កំពុងស្ថិតក្រោមការប្រឹក្សាឲ្យជម្លៀសខ្លួនចេញពីតំបន់ទំនាប។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានបន្ទាន់ដូច្នេះ បន្ទាប់ពីមើលឃើញលទ្ធភាពនៃគ្រោះមហន្ដរាយគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាផលប៉ះពាល់និងការខូចខាតធ្ងន់ធ្ងរក្នុងប្រទេសជប៉ុន ខណៈមនុស្សស្លាប់អាចនឹងបន្ដកើនឡើងផងដែរ៕