ក្រុមហ៊ុន​អង់គ្លេស​ចង់​វិនិយោគ​លើ​ការផលិត​និង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា​

28-08-2019 10:31 am 115
  ស្តាប់
ស្តាប់ជាសំឡេង

​តំណាង​ក្រុមហ៊ុន Bridgemount Ltd របស់​ចក្រភព​អង់គ្លេស ដែល​មាន​ឯកទេស​ផ្នែក​ប្រឹក្សា​យោបល់​លើ​វិស័យ​វិស្វកម្ម  ចង់​វិនិយោគ​លើ​ការដំឡើង​រោងចក្រ​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។ 

​គម្រោង​ចង់​វិនិយោគ​ការផលិត និង ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​អង់គ្លេស​នេះ ត្រូវបាន​ឲ្យនៅ​ក្នុងជំនួ​ប​ពិភាក្សា​ទ្វេភាគី​រវាង​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក ខាល​យ៉ាន ហ្គូស (Kalyan Ghosh) នាយក​ក្រុមហ៊ុន Bridgemount Ltd កាលពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៩ ជុំវិញ​ប្រធានបទ​កាលានុវត្តភាព​វិនិយោគ និង​ការធ្វើ​ធុរកិច្ច នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ លោក ខាល​យ៉ាន ហ្គូស បាន​បង្ហាញ​ពី​គោលបំណង​របស់​ក្រុមហ៊ុន Bridgemount Ltd ព្រម​ទាំង​គម្រោង​ដែល​ក្រុមហ៊ុន​របស់​លោក បាន​ផ្តល់​សេវា​ប្រឹក្សា និង សហការ​វិនិយោគ​មាន​ដូចជា ការថែទាំ​សុខភាព ការផលិត​ទឹកស្អាត ការដំឡើង​ស្ថានីយ​ថាមពល​ព្រះអាទិត្យ និង​ការគាំទ្រ​បច្ចេកទេស​កសិកម្ម​ជាដើម​។​

​ជា​ការឆ្លើយតប លោកស្រី តឹក​រ៉េត កំរង បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​ជម្រាបជូន​លោក ខាល​យ៉ាន ហ្គូស អំពី​វឌ្ឍនភាព និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា គោលនយោបាយ​វិនិយោគ ព្រមទាំង​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣​។​

សូមបញ្ជាក់ថា  គម្រោងខាងលើនេះ នឹងធ្វើការពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​បរិស្ថាន និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​នីតិវិធី និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ ហើយ​ក្រសួង​ពាណិជ្ជកម្ម នឹង​រង់ចាំ​ជួយ​សម្របសម្រួល​លិខិត​បទដ្ឋាន​គតិយុត្ត ដើម្បី​ឱ្យ​ក្រុមហ៊ុន​អាច​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ស្របច្បាប់ និង​ទទួលបាន​ជោគជ័យ​៕

ព័ត៌មានផ្សេងទៀត