ចិន​ថា​​ហុងកុង​​កំពុង​ប្រឈម​​នឹង​វិបត្ដិ​ធ្ងន់ធ្ងរ​​បំផុត​គិត​តាំងពី​​ឆ្នាំ​១៩៩៧

28-08-2019 10:28 am 152

មន្ដ្រីជាន់ខ្ពស់​ចិន​លោក​វ៉ាង យី​បាន​ប្រាប់​ទៅ​គណៈប្រតិភូ​សេដ្ឋកិច្ច​របស់​ហុងកុង​ថា គួរតែមាន​ការគាំទ្រ​បន្ថែម​ដល់​រដ្ឋាភិបាល​ក្រុង​ហុងកុង ដើម្បី​បញ្ចប់​អំពើហិង្សា​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​វិបត្ដិ​ធំ​បំផុត​មិន​ធ្លាប់មាន គិត​តាំងពី​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់​មកឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ទីក្រុង​ហុងកុង​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​កំហឹង​របស់​ក្រុមបាតុករ​អស់​រយៈពេល​ជិត​៣​ខែ​ហើយ​។ ការតវ៉ា​ពេលខ្លះ​ផ្ទុះ​ជា​អំពើហិង្សា​ប្រឆាំងនឹង​រដ្ឋាភិបាល ដោយសារតែ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ទោះ​ពេលនេះ​សេចក្ដីព្រាងច្បាប់​ត្រូវបាន​ដកចេញ ប៉ុន្ដែ​ក្រុមបាតុករ​ហុងកុង​មិនទាន់​បញ្ចប់​ចលនា​ប្រឆាំង​ទេ ផ្ទុយទៅវិញ​កើនឡើង​កាន់តែខ្លាំង​ជាង​មុន​។​

​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាញ់​ដាក់​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ផងដែរ ហើយ​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម បានចេញ​ការព្រមាន​ថា អាជ្ញាធរ​អាច​នឹង​ប្រើ​កងកម្លាំង​ដើម្បី​បង្ក្រាប​ការកើនឡើង​អំពើហិង្សា​។ កាសែត​ចិន​China Daily​បាន​ព្រមាន​ថា គម្លាត​រវាង​រដ្ឋាភិបាល​និង​ក្រុម​តវ៉ា​មើលទៅ​ហាក់ដូចជា​មិនអាច​ដោះស្រាយ​បានទេ ដោយសារតែ​រដ្ឋាភិបាល​ហុងកុង​មិនអាច​លេបថ្នាំ​តាម​វេជ្ជបញ្ជា​របស់​ក្រុមបាតុករ​។ មានន័យថា​រដ្ឋាភិបាល​ហុងកុង មិនអាច​ធ្វើតាម​ការទា​ម​ទារ​របស់​ក្រុមបាតុករ​បាន​។ 

​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​មន្ដ្រីជាន់ខ្ពស់​ចិន​លោក​វ៉ាង យី​និយាយថា ខណៈ​ក្រុង​ហុងកុង​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​បំផុត ពិតជា​មាន​សមត្ថភាព​អាច​ជម្នះ​រាល់​បញ្ហា​ទាំងអស់ តាមរយៈ​ការគាំទ្រ​លើ​រដ្ឋាភិបាល​ហុងកុង និង​ការឯកភាព​របស់​ប្រជាជន​ហុងកុង​។ តាមរយៈ​ការកត់សម្គាល់​របស់​រដ្ឋាភិបាលចិន​លើ​គេហទំព័រ លោក​វ៉ាង​និយាយថា​ក្រុម​អ្នកជំនួញ​គួរតែ​ដើរតួ​ក្នុង​ផ្លូវ​វិជ្ជមាន ដោយ​ជួយ​យុវជន​ក្មេងៗ​ឲ្យចូល​រួម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ក្រុង​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ភាពចលាចល​នៅក្នុង​ក្រុង​ហុងកុង មិនទាន់​រកឃើញ​ដំណោះស្រាយ​ទេ​។ រដ្ឋាភិបាល​ហុងកុង​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង គឺ​សម្ពាធ​ពី​អន្ដរជាតិ​ផង​និង​ពី​ក្រុមបាតុករ​ផង ប៉ុន្ដែ​មេដឹកនាំ​ហុងកុង​ថា​ស្ថានការណ៍​នៅ​អាច​គ្រប់គ្រង​បាន​។ នៅ​មិនទាន់​កំណត់​បានទេ​ថា នឹងមាន​វិធីសាស្ដ្រ​អ្វី​ដើម្បី​បញ្ចប់​វិបត្ដិ​ដែល​កំពុង​រីក​រាលដាល​នេះ ស្របពេល​រដ្ឋាភិបាល​និង​ក្រុមបាតុករ​កំពុង​ខ្វែងគំនិត​គ្នា​៕

 ពាក្យគន្លឹះ  ចិនហុងកុង​ការតវ៉ា

ព័ត៌មានផ្សេងទៀត