ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ទះកំផ្លៀង​ក្រុមការងារ​TVFB​ផ្អើល​ពេញ​ហ្វេ​សប៊ុក​

28-08-2019 9:29 am 1149

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បង្កឡើង ដោយ​រថយន្ត Range Rover ពណ៌​ស ពាក់​ស្លាក​លេខ 2AF-8899 បើក​បុក​ខឿន សួនច្បារ នៅ​ចំណុច​គល់ស្ពាន​ច្បារអំពៅ តែ​បែរជា​កើត​មាន​ហិង្សា​រវាង​សមត្ថកិច្ច ទៅលើ​ក្រុម​អ្នកសារព័ត៌មាន​ទៅវិញ​។

​បើ​តាម​វីដេអូ​Live របស់​ក្រុម​ការងារ​TVFB  កាលពីវេលាយប់រំលងអាធ្រាតឈានចូល ថ្ងៃទី២៨ ខែសីហានេះ បានឲ្យ​ដឹងថា ​សមត្ថកិច្ច​មួយ​រូប ស្លៀកពាក់​ស៊ីវិល មាន​តួនាទី​ជា​អធិការរង ​ទទួលផែន​ការចរាចរណ៍​នគរបាលខណ្ឌ​ច្បារអំពៅ បាន​ប្រើ​អំពើហិង្សា ប្រទាញ​យក​កាមេរ៉ា​របស់​អ្នកសារព័ត៌មាន​TVFB មិនឲ្យ​Live ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ និង​បាន​ស្រែកជេរ គំរាម​ចាប់​ដាក់​ខ្នោះ​ទៀតផង។​

​ប្រភព​ព័ត៌មាន​ដដែល បានបញ្ជាក់​ថា រថយន្ត Range Rover ពណ៌​ស ពាក់​ស្លាក​លេខ 2AF-8899 បើក​បុក​ខឿន សួនច្បារ នៅ​ចំណុច​គល់ស្ពាន​ច្បារអំពៅ ខូចខាត​ ហើយព្យាយាម​បើក​បញ្ច្រាស​ផ្លូវ​ស្ពាន តែ​មិន​អាច​បើក​ទៅ​មុខ​បាន ដោយសារតែ​រថយន្តនោះ ​ដាច់​សំបក​កង់​ចេញពី​រថយន្ត ក៏​ឈប់​នៅលើ​ស្ពាន​ច្បារអំពៅតែម្តង។​

​ក្រោយមក​មាន​ក្រុម​អ្នកសារព័ត៌មាន និង​ក្រុមការងារ TVFB ទៅ​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឡាយ​ពី​ទិដ្ឋភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក៏លេចចេញ លោក​អធិការរង​រូប​នោះ មក​ស្រែក​ខ្លាំងៗ ឲ្យ​អ្នកយកព័ត៌មាន បិទ​ការ​live​ ព្រោះមានបញ្ជាពីថ្នាក់លើឲ្យ​បិទ តែ​អ្នកសារព័ត៌មាន​ព្រម​បិទ ដោយសារ​តែ​ជា​ការផ្សាយ​ព័ត៌មាន​លើ​ផ្លូវ​សាធារណៈ ស្រាប់​មន្ត្រីប៉ូលិស​រូប​នោះ ស្ទុះ​មក​ដណ្តើម​ទូរស័ព្ទ និង​បាន​ប្រើ​ហិង្សា​លើ​អ្នក​ព័ត៌មាន​របស់​ក្រុមការងារ TVFB តែម្តង​។​

យ៉ាងណាមិញ ​​ដោយ​មាន​ការទទួលស្គាល់​កំហុស មន្ត្រីនគរបាល​ដែល​បង្ក​ហិង្សា បាន​សុំទោស​ដល់ ក្រុមការងារ TVFB នៅ​ចំពោះមុខ​លោក​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ ទើប​ក្រុមការងារ​TVFB សម្រេច មិន​ដាក់​ពាក្យបណ្ដឹង​វែងឆ្ងាយ​ឡើយ​៕

ព័ត៌មានផ្សេងទៀត