ក្រុមហ៊ុន​មួយ​ចង់​វិនិយោគ​គម្រោង​កែច្នៃ​សំរាម​ផលិត​ជា​ថាមពល​អគ្គិសនី​នៅ​ព្រះសីហនុ​

27-08-2019 8:32 pm 331
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៦ សីហា ភាគី​ក្រុមហ៊ុន Ric Natural  Development PLC បានឱ្យដឹងថា ក្រុមហ៊ុន​មាន​បំណង​ចង់​វិនិយោគ​លើ​ការកែច្នៃ​សំរាម​បំប្លែង​ទៅ​ជា​ថាមពល​អគ្គិសនី នៅក្នុង​ខេត្ត​នេះ ។ ប្រធាន​ក្រុមហ៊ុន​បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​គម្រោង ដោយ​រំពឹងថា សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នឹង​មាន​ច្រើន​មិន​ខាន...

​ប្រធាន​ក្រុមហ៊ុន RIC Natural Development PLC បាន​និយាយថា ក្រុមហ៊ុន​របស់​លោកមា​ន​បំណង​ចង់​វិនិយោគ​លើ​ការកែច្នៃ​សំរាម​ដើម្បី​ផលិត​ជា​ថាមពល​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​ការវិនិយោគ​នៅក្នុង​ខេត្ត​នេះ នឹង​មាន​សន្ទុះ​កើនឡើង​ខ្លាំង ម្យ៉ាងទៀត សំរាម​ក៏​មាន​ច្រើន​ជាក់​ជាមិនខាន ។​

​លោក Dato Mah Kaseng បាន​បន្តថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក​បាន​កំពុង​ដំណើរការ​គម្រោង​បែបនេះ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ជោគជ័យ និង​កំពុង​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ចេញពី​សំរាម​នៅ​ប្រទេស​ឡាវ​។​

​លោក​ថា ក្រៅ​ពី​គម្រោង​កែច្នៃ​សំរាម ក៏​មាន​គម្រោង​វិនិយោគ​ជីវ​ឥន្ធនៈ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ម៉ាឡេស៊ី និង​គម្រោង​អភិវឌ្ឍ​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហ​បុរី ។​

​អភិបាលខេត្ត​ព្រះសីហនុ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ទាំងបី​នេះ ពិសេស​គឺ​គម្រោង​កែច្នៃ​សំរាម​ទៅ​ជា​ថាមពល​អគ្គិសនី ដោយ​លោក​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការសិក្សា​ឱ្យបាន​ស៊ីជម្រៅ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ក្នុងការ​វិនិយោគ​ឱ្យ​មាន​ប្រសិទ្ធភាព ។​

​លោក គួច ចំរើន បន្តថា បច្ចុប្បន្ន សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​មួយ​ថ្ងៃ​មាន​ជាង​១​ពាន់​តោន ហើយ​វា​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត ។ លោក​បាន​ប្រាប់​ភាគី​ក្រុមហ៊ុន​ឱ្យ​សិក្សា​ថា ដើម្បី​ផលិត​ថាមពល​អគ្គិសនី​១៥០​មេហ្កា​វ៉ាត់  តើ​ត្រូវ​ប្រើប្រាស់​សំរាម​ប៉ុន្មាន​តោន ក្នុងន័យនេះ គឺ​ដើម្បី​ឱ្យ​ខេត្ត​មាន​មូលដ្ឋាន​ក្នុង​ការប្រមូល​សំរាម និង​ឈាន​ទៅ​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ផលិត​អគ្គិសនី ៕

ព័ត៌មានផ្សេងទៀត