ក្នុងសិក្ខាសាលាស្តីពី”កិច្ចបង្ការ និងការឆ្លើយតប នឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍”នៅថ្ងៃទី២៧ ខែសីហានេះ លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស បានណែនាំឲ្យអ្នកប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ចូលរួមប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានប្រយោជន៍ដល់សង្គមជាតិ ជៀសវៀងការប្រើប្រាស់ដើម្បីកេងប្រវ័ញ្ច ឬធ្វើអំពើមិនសមរម្យណាមួយលើផ្លូវភេទកុមារ។
លោកស្រីជូ ប៊ុនអេង បានថ្លែងក្នុងអង្គសិក្ខាសាលានេះថា”បច្ចុប្បន្នយើងសង្កេតថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានានា ពិសេសបណ្តាញទំនាក់ទំនងសង្គម កំពុងពេញនិយមប្រើប្រាស់នូវគ្រប់មជ្ឈដ្ឋាន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មិនត្រឹមត្រូវ និងក្នុងបំណងទុច្ចរិតណាមួយនោះ វានឹងបង្កឲ្យមានបទល្មើស និងជនរងគ្រោះ ដែលជាអនិតិជនកាន់តែច្រើន តាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះ”។
មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានកត់សម្គាល់ឃើញ ថា ការកើនឡើងនូវរូបភាពអាសអាភាស នៅតាមគេហទំព័រនានា កំពុងតែកាន់តែរីកសាយភាយយ៉ាងច្រើន ដែលនេះក៏ជាកក្តាមួយក្នុងការបង្កើត ឲ្យមានអំពើរំលោភបំពានផ្លូវភេទលើកុមារផងដែរ។ លោកស្រីជូ ប៊ុនអេង ថា ក្នុងរយៈកាលកន្លងមក ដើម្បីទប់ស្កាត់ និងបង្ការបញ្ហានេះ ក្រសួងមហាផ្ទៃ បានបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ជាមួយគ្នានេះលោកស្រី ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ពិសេសអាណាព្យាបាល ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ព្រោះថាការងារនេះត្រូវ មានការចូលរួមពីគ្រប់ស្ថានប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗ ដើម្បីបំពេញនូវអ្វីដែលខ្វះខាត ដើម្បីឈានដល់ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ។
សូមជម្រាប ថា បច្ចុប្បន្នក្រសួងមហាផ្ទៃ ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការលើការងារនេះ បានដាក់ចេញនូវវិធានការចំពោះមុខ៣ចំណុចសំខាន់ៗរួមមាន៖ទី១-ការប៉ាន់ប្រមាណទៅលើទំហំ នៃការហូរចូលរបស់ភ្ញៀវទេសចរ (ទាំងទេសចរណ៍ខ្មែរ និងបរទេស) ដែលមាននិន្នាការលើអំពើពេស្យាចារ។ ទី២-ត្រូវមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ក៏ដូចជាផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សនៅក្នុងសង្គម។ ទី៣-ត្រូវបង្កើនការស្រាវជ្រាវ ដាក់ការសង្ស័យជាមុនដើម្បីត្រៀមបង្ការ ទប់ស្កាត់ជាមុន ដោយមិនត្រូវទុកឲ្យរូបភាពនោះមកដល់នោះទេ។ គួរឲ្យដឹងផងដែរ ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ខេត្តចំនួន៥ ដែលជាខេត្តមុខព្រួញ ត្រូវតែបង្កើនប្រព័ន្ធការពារលើកុមារ ដែលងាយរងគ្រោះក្នុងនោះរួមមាន៖ខេត្តកំពត, សៀមរាប, ព្រះសីហនុ និងរាជធានីភ្នំពេញ៕