​លោក​ប៉ាន សូរស័​ក្កិ​ជំរុញ​ដល់​ការលើកកម្ពស់​​ខ្សែចង្វាក់​តម្លៃ​ក្នុង​វិស័យ​កសិកម្ម​​

27-08-2019 1:41 pm 168

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្កិ ជំរុញ​ដល់​ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​ការបង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម ដើម្បី​បង្កើន​ការរួមចំណែក​របស់​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា​។ ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​កម្មវិធី​ទំនាក់ទំនង​បណ្ដាញ (Networking Days 2019) របស់​ក្រុមហ៊ុន​ប៊ូល័​រ (Buhler) ដែលជា​អ្នកផ្គត់ផ្គង់​ឧបករណ៍​សម្ងួត និង​ឃ្លាំង​រក្សាទុក​ស្រូវ​អង្ករ ក្រោម​ការអនុវត្ត​គម្រោង «​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នៅ​កម្ពុជា​» នៅ​ទីក្រុង​អ៊ូ​ស្វីល ប្រទេស​ស្វីស នា​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៩​។​

​នៅក្នុង​ជំនួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ប៊ូល័​រ លោក ខាល​វីន ហ្គ្រី​ដ័រ (Calvin Grieder) និង​នាយក​ប្រតិបត្តិ លោក ស្តេវ​ហ្វាន ច្រាយ​ប័រ (Stefan Scheiber) លោក ប៉ាន សូរ​ស័ក្កិ បាន​លើកឡើងថា ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​ការបង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជា​ការងារ​សំខាន់ និង​ជា​ការងារ​អាទិភាព​សម្រាប់​កម្ពុជា​ដើម្បី​បង្កើន​ការរួមចំណែក​របស់​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ជំរុញ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា​ផងដែរ​។ លោក​បន្តថា​ចំពោះ​វិស័យ​នាំចេញ​ស្រូវ​អង្ករ​វិញ ការនាំចេញ​ភាគច្រើន​របស់​កម្ពុជា គឺមាន​លក្ខណៈ​ជា​ស្រូវ​សើម ដែល​បាន​លក់​ទៅកាន់​ប្រទេសជិតខាង​ក្រោយ​ប្រមូល​ផល​ភ្លាមៗ ដោយ​កម្ពុជា​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ក្នុងការ​សម្ងួ​តស្រូវ និង​រក្សាទុក​ស្រូវ​ក្នុង​រយៈពេល​វែង​។ 

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា​រូបនេះ សង្កត់ធ្ងន់ថា ការកសាង​ឡ​សម្ងួត និង​ឃ្លាំង​រក្សាទុក​ស្រូវ​អង្ករ នឹង​បង្ក​ភាពងាយស្រួល​សម្រាប់​ក្រុមហ៊ុននាំចេញ​ស្រូវ​អង្ករ ធ្វើ​ការប្រមូលទិញ​ស្រូវ​ពី​កសិករ​កាន់តែច្រើន ដើម្បី​រក្សាទុក​នឹង​ធ្វើការ​កិន​ជា​អង្ករ​សម្រាប់​នាំចេញ ក្នុងពេល​មួយ​សមស្រប និង​តម្លៃ​ក្នុង​ទីផ្សារ​ខ្ពស់ ក៏ដូចជា​ដោះស្រាយ​មួយកម្រិត​នៃ​របាំង​បច្ចេកទេស​មួយចំនួន ដែល​រារាំង​ដល់​ការនាំចេញ​ដោយ​កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​។ លើសពីនោះ​ថែមទៀត ការបង្កើតឡើង​នូវ​ឡ​សម្ងួត និង​ឃ្លាំង​រក្សាទុក​ស្រូវ នឹង​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុងស្រុក និង​ទប់ស្កាត់​ការហូរ​ចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។​

​ជា​កិច្ច​ឆ្លើយតប លោក ខាល​វីន ហ្គ្រី​ដ័រ បាន​ប្រាប់​លោក ប៉ាន សូរ​ស័ក្កិ ថា ក្រុមហ៊ុន​ប៊ូល័​រ ពិតជា​មាន​សេចក្ដី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ការអនុវត្ត​គម្រោង​នេះ និង​ផ្ដល់​ឧបករណ៍​ដែលមាន​គុណភាព​ខ្ពស់ និង​មាន​កិត្តិនាម​ថ្មី​ក្នុង​ពិភពលោក​សម្រាប់​កម្ពុជា​។ លោក​បន្ថែមថា ក្រុមហ៊ុន​ប៊ូល័​រ មិន​ត្រឹមតែ​មាន​ឧបករណ៍​សម្រាប់​សម្ងួ​តស្រូវ ឬ​កសិផល​ដទៃទៀត​នោះទេ ក្រុមហ៊ុន​ក៏មាន​ឧបករណ៍​ច្រើន​ប្រភេទ​សម្រាប់​កិន និង​កែច្នៃ​កសិផល ទៅជា​ផលិតផល​សម្រេច ដូចជា ម្ហូបអាហារ និង​ចំណី​សត្វ និង​ឧបករណ៍​វិភាគ​សុវត្ថិភាព​ចំណីអាហារ ជាដើម​។ ជាមួយនឹង​ការកសាង​ឡ​សម្ងួត និង​ឃ្លាំង​ស្ដុក ក្រុមហ៊ុន​ប៊ូល័​រ នឹង​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​អ្នក​ប្រតិបត្តិការ​រោងចក្រ និង​ឃ្លាំង​បន្ថែមទៀត​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រោម​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នៅ​កម្ពុជា ក្រុមហ៊ុន​ប៊ូល័​រ នឹង​សាងសង់​ឡ​សម្ងួត និង​ឃ្លាំង​រក្សាទុក​ស្រូវ​ចំនួន​សាងសង់​ឡ​សម្ងួត​ទំនើប​ចំនួន ១០​ទីតាំង នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១០ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​ប្រមាណ ១​លាន​តោន និង​អាច​សម្ងួ​តស្រូវ ១៣​ពាន់​តោន​ក្នុង​មួយថ្ងៃ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ចំពោះ​កម្មវិធី​ទំនាក់ទំនង​បណ្ដាញ (Networking Days 2019) មាន​ការចូលរួម​ពី​ភ្ញៀវ​ចំនួន ៨០០​នាក់ មកពី​ក្រុមហ៊ុន​ចំនួន​២០០ និង​ប្រទេស​ចំនួន​៨០ ប្រទេស​ផងដែរ​៕

ព័ត៌មានផ្សេងទៀត