លោក​ហ៊ុន សែន អំពាវនាវ​៨​ចំណុច​ដើម្បី​បន្ត​លើកកម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​

27-08-2019 11:13 am 116
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងឱកាស​ទិវា​អក្ខរកម្ម​ជាតិ ៨ កញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​៨​ចំណុច ដើម្បី​បន្ត​ចូលរួម​លើកកម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។ នេះ​បើ​តាម​សារលិខិត​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា និង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​នេះ​។ ដោយៈ​សៅ វិសាល​
​សេចក្តីអំពាវនាវ​ទាំង​៨​ចំណុច​រួមមាន​៖

១៖ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​គោលនយោបាយ ក្រប​ខណ្ឌ​ច្បាប់ លិខិតបទដ្ឋាន និង​យន្តការ​ចាំបាច់ ដើម្បី​ដឹកនាំ គ្រប់គ្រង និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​គុណភាព ដោយ​ធានាបាន​នូវ​លទ្ធផល​ទទួលយក​បាន ក្នុង​ការផ្តល់​ការសិក្សា​ពេញ​មួយ​ជីវិត សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ស្របទៅនឹង​បរិការណ៍​ថ្មី នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌល​សិក្សា និង​ទី​វត្ត​អារាម​ទាំងអស់​ត្រូវ​បង្កើត​កម្ម​វិធី អប់រំ​កម្មវិធីសិក្សា​ពេញ​មួយ​ជីវិត ទាំង​ផ្នែក​អក្ខ​រកម្ម ទាំង​វិជ្ជាជីវៈ ឱ្យ​កាន់តែ​សម្បូរបែប​និង​មាន​ភាពបត់បែន ឆ្លើយតប​នឹង​តម្រូវការ​អ្នកសិក្សា ដើម្បី​ផ្តល់​សេវា​អប់រំ​ពេញ​មួយជីវិត ទាំង​សេវា​អប់រំ​ក្នុង​ប្រព័ន្ធ ទាំង​សេវា​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ទាំង​សេវា​អប់រំ​មិន​ផ្លូវការ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។​

៣៖ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ចូលរួម​គាំទ្រ​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​សិក្សា និង​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែល​មិន​បាន​រៀនសូត្រ ឬ​បោះបង់​ការសិក្សា ឱ្យ​មាន​ឱកាស​ទទួលបាន​ការរៀនសូត្រ​ជាថ្មី តាម​ថ្នាក់រៀន​អប់រំ​ក្រៅ​ប្រព័ន្ធ តាម​គ្រប់​រូបភាព ជាពិសេស ត្រូវខិតខំ​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ ដែល​ជា​ជន​មាន​ពិការភាព ឱ្យ​ទទួលបាន​លទ្ធភាព​ក្នុង​ការសិក្សា​រៀនសូត្រ​។​

៤៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​រួម​មាន បណ្តាញ​ទំនាក់ទំនង​សង្គម​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី និង​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​រដ្ឋ និង​ឯកជន សូម​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ អំពី​អានុភាព​នៃ​ការងារ​អក្ខរកម្ម ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យមាន​ការយល់ដឹង កាន់តែ​ទូលំទូលាយ​ពោល​គឺ «​អក្ខរកម្ម​ផ្សារភ្ជាប់​នឹង​ជំនាញ​មុខរបរ​»​។​

៥៖ ក្មួយៗ​ជា​សិស្ស និស្សិត​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ក្រុមយុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុមយុវជន​កាយរឹទ្ធិ និង​ក្រុមយុវជន​កាកបាទក្រហម​កម្ពុជា ត្រូវ​ចុះ​ជួយ​បង្រៀន​ដោយ​ស្ម័គ្រចិត្ត ដល់​អ្នក​មិន​ចេះអក្សរ នៅតាម​ថ្នាក់​អក្ខ​រកម្ម និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ដែល​ស្ថិត​ក្នុង​មូលដ្ឋាន របស់​ខ្លួន​កំពុង​រស់នៅ​។ ដោយឡែក បងប្អូន​ជនរួមជាតិ ដែល​ជា​មាតាបិតា ឬ​អ្នក​អាណាព្យាបាល ក៏​សូម​ជួយ​បន្ត​ជំរុញ​បងប្អូន កូនចៅ​ឱ្យបាន​ចូលរៀន​តាម​សាលារៀន ចំណេះ​ទូទៅ​គ្រប់ៗ​គ្នា​។ ក្មួយៗ​និង​បងប្អូន ដែល​ពុំ​ទាន់​ចេះ​អក្សរ ភ្លេច​អក្សរ ឬ​បោះបង់​ការសិក្សា សូម​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ការរៀនសូត្រ នៅតាម​ថ្នាក់​អក្ខ​រកម្ម ថ្នាក់​សមមូល ថ្នាក់​ចូលរៀន​ឡើងវិញ និង​ការបណ្តុះបណ្តាល ជំនាញ​នៅតាម​មជ្ឈមណ្ឌល សិក្សា​សហគមន៍ ដែល​នៅ​ជិត​ភូមិឋាន​របស់ខ្លួន​។​

៦៖ វត្ត​អារាម និង​វិហារ​សាសនា ត្រូវ​ជំរុញ​ចលនា​ព្រះសង្ឃ បព្វជិត​សាសនា តាជី ដូនជី ចូលរួម​កម្មវិធី​អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​មុខរបរ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត តាមរយៈ​ការ​ទេសនា​អប់រំ អំពី​សារប្រយោជន៍​នៃ​ការរៀនសូត្រ អំពី​សីលធម៌ និង​ការលើកកម្ពស់​វប្បធម៌ រស់នៅក្នុង​ភាព​ជា​ពលរដ្ឋ​សកល​។​

៧៖ ដៃគូ​អភិវឌ្ឍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បង្កើន​កិច្ចសហការ និង​ពង្រឹង​ភាព​ជា​ដៃគូ​ដោយ​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ ជាពិសេស កម្មវិធី​អក្ខរកម្ម ផ្សារ​ភ្ជាប់​នឹង​ការអប់រំ​វិជ្ជាជីវ ឱ្យមាន​ដំណើរការ​ល្អ​ជាប់​ជាប្រចាំ​។​

៨៖ ប្រធាន​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ឯកជន សូម​ជួយ​ជំរុញ​ការបើក​ថ្នាក់​អក្ខរកម្ម​គួបផ្សំ នឹង​ថ្នាក់​បំប៉ន​មុខ​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ ដល់​បងប្អូន​កម្មករ កម្មការិនី ដើម្បី​ជា​ប្រយោជន៍​របស់​ពួកគេ​ផង និង​ជា​ប្រយោជន៍​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ផង ដោយ​យើង​ទាំងអស់គ្នា ត្រូវ​ចង​ចាំ​ថា «​មាន​អក្ខរកម្ម មាន​ការគិតគូរ និង​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​» «​មាន​អក្ខរកម្ម​នាំ​ឱ្យ​ការអភិវឌ្ឍ​សហគមន៍ កាន់តែ​រីកចម្រើន​» «​មាន​អក្ខរកម្ម​មាន​សុខដុម​ជីវិត​បុគ្គល គ្រួសារ និង​សង្គម​»៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនអក្ខរកម្ម

ព័ត៌មានផ្សេងទៀត