លោក​ថេង សាវឿន ឆ្លើយតប​ក្រសួងកសិកម្ម​ជុំវិញ​រឿង​តំណាង​សហគមន៍​ទូទាំង​ប្រទេស​

27-08-2019 10:26 am 723
  ស្តាប់
ស្តាប់ជាសំឡេង

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន ឆ្លើយតប​ថា លោក​មិន​ដែល​អះអាង​ថា លោក​ជា​តំណាង​ឲ្យ​សហគមន៍ក​សិកម្ម​ទូទាំង​ប្រទេស​ម្ដងណា​ឡើយ ហើយ​អ្វី​ដែល​លោក​បញ្ចេញមតិ គឺ​ក្នុង​ក្រប​ខណ្ឌ​របស់​សមាជិក​នៅតាម​តំបន់​គោលដៅ ដែល​សមាគម​របស់​លោក​កំពុង​ធ្វើការ​ជាមួយ​តែប៉ុណ្ណោះ​។ ការឆ្លើយតប​នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា លោក ថេង សាវឿន មិនមែន​ជា​អ្នកតំណាង​ឲ្យ​សហគម​ន៍ក​សិកម្ម​ទូទាំង​ប្រទេស​កម្ពុជា​ទេ​។ 

«​អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​បំផុត គឺ​ក្នុង​ករណី​នៅពេល​មាន​ការព្យួរ EBA គឺ​អាច​ប៉ះពាល់​ដល់​ផលិតភាព​នៃ​ផលិតផល​កសិកម្ម​ផ្សេងៗ ដែល​អាច​នាំ​ចេញ ខណៈ​សហភាព​អឺរ៉ុប​យកពន្ធ​ទៅលើ​វិស័យ​ផ្សេងៗ មិនមែន​តែ​ស្រូវ​អង្ករ​ទេ គឺ​វា​បង្ក​ឲ្យមាន​ផលវិបាក និង​ធ្វើឲ្យ​បាត់បង់​នូវ​អត្ថប្រយោជន៍​រប​ស់​កសិក​រទាំង​អ្នកវិនិយោគទុន​ទាំង​អ្នក​រកស៊ី​ដែរ​»​។​នេះ​ជា​ការអះអាង​របស់​លោក ថេង សាវឿន តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC Cambodia)​។​

​លោក​ថា ការបញ្ចេញមតិ​ព្រួយបារម្ភ​របស់​លោក​នេះ គឺ​គ្រាន់តែ​ដើម្បី​ជួយ​វិភាគទាន​បែប​ស្ថាបនា​ក្នុង​ការចូលរួមចំណែក​រក​វិធីសាស្ត្រ​ដោះស្រាយ និង​ទប់ស្កាត់​ផលប៉ះពាល់ ឬ​ការ​បាត់បង់​អត្ថប្រយោជន៍​របស់​កសិករ ដែល​ធ្លាប់​ទទួលបាន​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ ហើយ​លោក​ក៏​ទទួលស្គាល់​អំពី​ការអន្តរាគមន៍​របស់​រដ្ឋាភិបាល​លើ​វិស័យ​ស្រូវ​អង្ករ​ដែរ ប៉ុន្តែ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ចាប់ផ្តើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​មក គឺ​ការនាំ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​ឆមាស​ទី​១ បាន​ធ្លាក់ចុះ​អស់ ៥០​ភាគរយ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៦ សីហា ឆ្នាំ ២០១៩ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា លោក ថេង សាវឿន មិនមែន​ជា​អ្នកតំណាង​ឲ្យ​សហគម​ន៍ក​សិកម្ម​ក្នុងប្រទេស​កម្ពុជា​ទេ ហើយ​ការអះអាង​នៅក្នុង​កម្មវិធី​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២៣ សីហា ឆ្នាំ ២០១៩ គឺ​ការបញ្ចេញ​មតិ​យោបល់ និង ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់​លោក​តែប៉ុណ្ណោះ មិនមែនជា​ជំហរ​របស់​សហគមន៍​កសិកម្ម​ឡើយ​។ 
​កន្លងមក សហគមន៍​អឺរ៉ុប​បានដាក់​វិធានការ​ការពារ​ទីផ្សារ​លើ​អង្ករ​កម្ពុជា​រួចទៅហើយ ដោយ​ចាប់ផ្ដើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា ដែល​នាំ​ចូល​ទៅ​កាន់​សហគមន៍​អឺរ៉ុប​សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២១​។ ការយកពន្ធ​នាំចូល​អង្ករ​កម្ពុជា​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៨ មករា ឆ្នាំ ២០១៩ ដោយ​ឆ្នាំ​ទី​១​នេះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ១៧៥ អឺរ៉ូ​ក្នុង ១​តោន ហើយ​ឆ្នាំ​ទី​២ ត្រូវ​បង់ ១៥០ អឺរ៉ូ​ក្នុង ១ តោន និង ឆ្នាំ​ទី​៣ ត្រូវ​បង់ ១២៥ អឺរ៉ូ​ក្នុង ១​តោន​។ 

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការដាក់​វិធានការ​ការពារ​ទីផ្សារ​នេះ បាន​ធ្វើឲ្យ​តម្លៃ​អង្ករ​កម្ពុជា​នៅលើ​ទីផ្សា​រ​សហគមន៍​អឺរ៉ុប មាន​ការកើនឡើង​បន្ថែមទៀត ដែល​បង្កើន​ការដាក់​សម្ពាធ​មួយ​ក​ម្រឹត​ដល់​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​៕

ព័ត៌មានផ្សេងទៀត