ក្រសួង​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្តេជ្ញា​ពង្រីក​សេវា​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ឱ្យបាន​ស្ទើរ​ពេញ​ប្រទេស​

26-08-2019 8:05 pm 100
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​របស់លោក ឌី​ឌី​យេ ហ្វង​តឺនី​យ នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ការណែនាំ​ខ្លួន​របស់​អ្នកស្រី ឡ​រ៉ង់ បារី​ល នៅ​ថ្ងៃ​ទី​២៦ សីហា លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​អះអាង​ថា ក្រសួង​សុខាភិបាល​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្តេជ្ញា​ពង្រីក​វិសាលភាព​នៃ​សេវា​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ឱ្យបាន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស...

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​បាន​ថ្លែងថា ក្រសួង​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ប្តេជ្ញា​រួម​គ្នា​ពង្រីក​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត ឱ្យ​មាន​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​-​ក្រុង ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​បន្ថែមទៀត ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្តល់​សេវា​បាន​គ្រប់​ជ្រុងជ្រោយ​ជូន​ដល់​ពលរដ្ឋ ។​

​លោក ម៉ម ប៊ុនហេង បន្តថា បច្ចុប្បន្ន យើង​មាន​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ចំនួន​៣​ទីតាំង​ប៉ុណ្ណោះ គឺ​នៅ​ភ្នំពេញ ខេត្ត​បាត់ដំបង និង​កំពង់ចាម ដែល​នេះ គឺ​ពិតជា​មិន​អាច​ឆ្លើយតប​បាន​នូវ​គ្រប់​តម្រូវការ​នៅឡើយ ។​

​លោក​រដ្ឋមន្ត្រី​បន្តថា កន្លងមក ក្រសួង​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​សហការគ្នា​យ៉ាង​ល្អ លើ​វិស័យ​សុខភាព​សាធារណៈ​, ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​សម្រេចបាន​នូវ​លទ្ធផល​ជា​ទី​មោទន ក្នុង​ការឆ្លើយតប​ទៅនឹង​ជំងឺឆ្លង ក៏ដូចជា​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​បណ្តា​ប្រព័ន្ធ​វិទ្យាស្ថាន​ប៉ាស្ទ័រ​និង​បារាំង ។​

​លោក​បញ្ជាក់ថា ភាគី​ទាំងពីរ​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត បន្ទាប់ពី​បាន​រួមគ្នា​ក្នុង​ការឆ្លើយតប​ទៅនឹង​ការឆ្លង​មេរោគ​អេដស៍​, គ្រុនចាញ់​, របេង និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត ៕

ព័ត៌មានផ្សេងទៀត