ក្រសួងទេសចរណ៍ដាក់ចេញវិធានការ១១ចំណុចគាំទ្រការទប់ស្កាត់សកម្មភាពលក់កញ្ចប់ទស្សន «ថ្លៃសូន្យ»

26-08-2019 4:42 pm 383
  ស្តាប់
ស្តាប់ជាសំឡេង

ការប្រកបអាជីវកម្មលក់កញ្ចប់ទស្សនកិច្ចកម្សាន្តថ្លៃសូន្យ(Zero Package Tours) គឺជាទង្វើអាក្រក់ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ឧស្សាហកម្មទេសចរណ៍ជារួមផង និងការប្រកបមុខរបរអាជីវកម្មទេសចរណ៍ដោយសុច្ចរិតទៀងត្រង់របស់ប្រតិបត្តិករណ៍ទេសចរណ៍ជារួមផង ពិសេសប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពី៖«ការគាំទ្រវិធានការទប់ស្កាត់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្ត ថ្លៃសូន្យ» ។

ដោយមើលឃើញពីផលប៉ះពាល់ទាំងអស់នេះហើយ ទើបក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានដាក់ចេញនូវវិធានចំនួន១១ ចំណុចគាំទ្រចំពោះវិធានការទប់ស្កាត់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្ត «ថ្លៃសូន្យ» (Zero Package Tours)។

វិធានការទាំង ១១ចំណុច ដែលគាំទ្រនូវគោលនយោបាយខាងលើនោះរួមមាន៖

១.គាំទ្រយន្តការពង្រឹងការគ្រប់គ្រងប្រតិបត្តិករទេសចរណ៍ ដោយតម្រូវអោយប្រកបអាជីវកម្ម ដោយគោរព និងអនុវត្តតាមច្បាប់ស្តីពីទេសចរណ៍ ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងមគ្គុទ្ទេសក៏ទេសចរណ៍ ពិសេសគោលនយោបាយទេសចរណ៍ប្រកបដោយភាពស្មោះត្រង់ និងប្រកបដោយគុណភាព

២.គាំទ្រវិធានការលើយន្តការដាក់ពិន័យ ដល់ប្រតិបត្តិករទេសចរណ៍ ដែលបានអនុវត្តផ្ទុយពីកាតព្វកិច្ច គោលការណ៍ណែនាំ និងក្រមប្រតិបត្តិវិជ្ជាជីវៈ រួមមាន ការចេញលិខិតព្រមាន ការផាកពិន័យ ការព្យួរអាជ្ញាបណ្ណទេសចរណ៍ ឬការបញ្ចប់សមាជិកភាពពីសមាជិកសមាគម ឬឈានដល់ការដកហូតអាជ្ញាបណ្ណទេសចរណ៍តែម្តង

៣.គាំទ្រពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចាត់វិធានការចំពោះហាងលក់វត្ថុអនុស្សាវរីយ៍និងប្រភេទអាជីវកម្មដទៃទៀត ដែលបានរួមគំនិតចូលរួមប្រព្រឹត្តក្នុងសកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្ត «ថ្លៃសូន្យ»

៤.គាំទ្រកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងអាជ្ញាធររដ្ឋបាលទេសចរណ៍ចិន ដើម្បីទប់ស្កាត់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្ត«ថ្លៃសូន្យ» ដោយស្នើសុំឲ្យភាគីចិនណែនាំដល់ប្រតិបត្តិករទេសចរណ៍ចិនរៀបចំកិច្ចសន្យាគំរូ ដោយត្រូវដាក់បញ្ចូលព័ត៌មានលំអិតរួមមាន៖ថ្លៃសំបុត្រមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ សកម្មភាពទិញទំនិញ និងទីតាំងហាងលក់ដែលបានកំណត់ និងសកម្មភាពបង់ប្រាក់ដោយភ្ញៀវទេសចរ សម្រាប់រក្សាទុកជាឯកសារយោង

៥.គាំទ្រ និងចូលរួមចុះបញ្ជីឈ្មោះចូលរួមទទួលការវាយតម្លៃ និងបញ្ជាក់ស្តង់ដារគុណភាពរបស់កម្ពុជាសម្រាប់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិនដើម្បីកសាងនូវទំនុកចិត្ត និងបញ្ជាក់ពីកម្រិតគុណភាព។ក្នុងករណីមិនអនុវត្តតាមស្តង់ដារគុណភាពរបស់កម្ពុជា សម្រាប់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន មិនអនុញ្ញាតឲ្យរកស៊ីទីផ្សារចិនទេ

៦.ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមគាំទ្រអនុវត្តកាតព្វកិច្ចប្រព័ន្ធវាយតម្លៃ និងបញ្ជាក់ស្តង់ដារគុណភាពរបស់កម្ពុជា សម្រាប់សេវាកម្មទេសចរណ៍ទទួលភ្ញៀវចិន

៧.គាំទ្រកម្មវិធីផ្សព្វផ្សាយ និងអប់រំដល់ទេសចរឲ្យយល់ដឹងពីសិទ្ធិ និងព័ត៌មានទាក់ទងនឹងការការពារនិងសិទ្ធិទទួលបាននូវសេវាកម្មទេសចរណ៍ដែលខ្លួនត្រូវទទួល។ចូលរួមលើកកម្ពស់ការអប់រំ និងជំរុញការផ្សព្វផ្សាយសិទ្ធិអតិថិជន ក្នុងចំណោមភ្ញៀវទេសចរតាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ

៨.គាំទ្រការផ្សព្វផ្សាយបញ្ជីឈ្មោះប្រតិបត្តិករទេសចរណ៍ដែលបានប្រព្រឹត្តខុសក្នុងគេហទំព័រ បណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ឲ្យភ្ញៀវទេសចរបានដឹងជាសាធារណៈ ដើម្បីឲ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសប្រើប្រាស់សេវាកម្មទេសចរណ៍របស់ពួកគាត់

៩.គាំទ្រការជំរុញអភិវឌ្ឍស្តង់ដារគុណភាពសេវាកម្ម ដើម្បីកសាងទំនុកចិត្តដល់ភ្ញៀវទេសចរ ដោយការផ្តល់នូវខ្សែទស្សនកិច្ចប្រកបដោយការទទួលខុសត្រូវ នូវគុណភាពសេវាកម្មពិតៗតាមការសន្យា និងត្រូវមានបុគ្គលិកប្រចាំការ និងខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់ ដើម្បីឆ្លើយសំណួរភ្ញៀវទេសចរ និងអប់រំភ្ញៀវឲ្យចេះរបៀបជ្រើសរើសដំណើរកំសាន្ត

១០.គាំទ្រវិធានការរបស់ក្រសួងទេសចរណ៍ចំពោះប្រតិបត្តិករទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ឬមូលដ្ឋានអាជីវកម្មណាដែលបានចូលរួមប្រព្រឹត្ត ក្នុងករណីមានបណ្តឹងតវ៉ាពីភ្ញៀវទេសចរ អំពីភាពអយុត្តិធម៌ ពីការលក់កញ្ចប់ទស្សនកិច្ចនេះ

១១.គាំទ្រលើការបង្កើតយន្តការទីផ្សារសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា លើប្រព័ន្ធគេហទំព័រ WWW.cambodia-touristguide.com ដែលអនុវត្តឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ អាចប្រកាសផ្សព្វផ្សាយ អំពីសេវាលើប្រព័ន្ធគេហទំព័រនេះ ហើយការីទេសចរណ៍ និងភ្ញៀវទេសចរអាចស្វែងរកការផ្គត់ផ្គង់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ លើប្រព័ន្ធគេហទំព័រនេះ៕

 

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត