ចិន​​ចេញមុខ​​ប្រកាស​​ចង់​ដោះស្រាយ​​សង្គ្រាម​​ពាណិជ្ជកម្ម​​ដោយ​សន្ដិវិធី​

26-08-2019 3:56 pm 831

​ឧបនាយករដ្ឋមន្ដ្រី​ចិន​លោក​លីវ ហេ ដែលជា​អ្នកដឹកនាំ​កិច្ចចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយ​នៅ​ថ្ងៃទី​២៦​សីហា​នេះ​ថា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក តាមរយៈ​ការចរចា​ដោយ​សន្ដិភាព និង​ប្រឆាំង​ដាច់ខាត​ការកើនឡើង​ជម្លោះ​។ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ផ្ទុះ​កាន់តែខ្លាំង​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទាំងពីរ ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដោយ​ភាគី​ទាំងពីរ បានប្រកាស​គ្រោង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចេញ​ទៅវិញទៅមក​។ 

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ បានប្រកាស​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​តម្លៃ​៥៥០​ពាន់​លាន​ដុល្លារ​។ ប៉ុន្មាន​ម៉ោង​ក្រោយមក​ចិន​បានប្រកាស​សងសឹក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​តម្លៃ​៧៥​ពាន់​លាន​ដុល្លារ​វិញ​។ លោក​ត្រាំ​កាលពី​ថ្ងៃអាទិត្យ​ក៏បាន​គាំទ្រ​លើ​បទបញ្ជា​ឲ្យ​ដក​ក្រុមហ៊ុន​អាមេរិក​ចេញពី​ប្រទេស​ចិន ហើយ​មក​ដាក់​នៅ​ទឹកដី​អាមេរិក​វិញ តែ​មិន​ច្បាស់​ថា​លោក​នឹង​យក​ក្រុមហ៊ុន​អាមេរិក​ចេញពី​ចិន​ដោយ​របៀប​ណា​ឡើយ​។​

​ចំពោះ​លោក​លីវ​បាន​និយាយ​ក្នុង​សន្និសីទ​បច្ចេកវិទ្យា​មួយ​ថា គ្មាន​នរណាម្នាក់​ទទួល​បាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ទេ​។ លោក​ថា​ចិន​មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​បញ្ហា​តាមរយៈ​ការពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្ដិការ​ក្នុង​ឥរិយាបថ​ស្ងប់ស្ងាត់ ប្រឆាំងនឹង​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ ចិន​ជឿជាក់ថា​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម គ្មាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​ចិន អាមេរិក និង​ប្រជាជន​ក្នុង​ពិភពលោក​ឡើយ​។ 

​លោក​លីវ​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​អាមេរិក​ត្រូវបាន​ស្វាគមន៍​នៅក្នុង​ប្រទេស​ចិន ហើយនឹង​ត្រូវ​យកចិត្ដទុកដាក់​ឲ្យបាន​ល្អ​។ ក្រៅពីនេះ​ចិន​ក៏​ស្វាគមន៍​សហគ្រាស​ទាំងអស់​មកពី​ទូទាំង​ពិភពលោក ដើម្បី​វិនិយោគ​និង​ធ្វើ​ប្រតិ​បត្ដិការនៅ​ក្នុងប្រទេ​សចិន មិនមែន​តែ​ក្រុមហ៊ុន​អាមេរិក​ទេ​។ ចិន​នឹង​បន្ដ​បង្កើត​បរិយាកាស​វិនិយោគ​ដែល​ល្អ ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​វៃឆ្លាត ជាមួយនឹង​ការបើកចំហ​ទីផ្សារ​ប្រឆាំងនឹង​ការរាំងស្ទះ​ផ្នែក​បច្ចេកវិទ្យា ការ​គាំពារ​ខាង​បច្ចេកវិទ្យា និង​ខិតខំ​ការពារ​ភាព​ពេញលេញ​នៃ​សង្វាក់​ផ្គត់ផ្គង់​។​

​សូមបញ្ជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​បាន​ធ្វើឲ្យប៉ះពាល់​ដល់កំណើន​សេដ្ឋកិច្ចពិភព​លោក ធ្វើឲ្យ​សម្ព័ន្ធមិត្ដ​តូច​ចិត្ដ និង​បង្ក​ការភ័យខ្លាច​ដល់​ទីផ្សារ​អន្ដរជាតិ ដែល​សេដ្ឋកិច្ចពិភពលោក​នឹង​ឈានដល់​វិបត្ដិ​ធ្ងន់ធ្ងរ​។ ទី​ផ្សារភាគហ៊ុន​ពិភពលោក​បានរ​កិល​ធ្លាក់ចុះ​វិញ​នៅ​ថ្ងៃទី​២៦​សីហា​នេះ បន្ទាប់ពី​អាមេរិក​និង​ចិន​ប្រកាស​ចាត់វិធានការ​ប្រឆាំង​គ្នា​ទៅវិញទៅមក​។ ស្ថានការណ៍​ដ៏​គួរឲ្យ​ព្រួយបារម្ភ​ដូច្នេះ បានធ្វើឲ្យ​អ្នកជំនាញ​សេដ្ឋកិច្ច​ប្រកាសអាសន្ន​ជាថ្មី​ថា ការខូចខាត​នឹង​កើតមាន​កាន់តែខ្លាំង​ជាង​មុន​៕

ព័ត៌មានផ្សេងទៀត