កម្ពុជា​-​ចិន​គ្រោង​ចំណាយ​៥.៥​លាន​ដុល្លារ បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជឈើ​

26-08-2019 2:55 pm 189

​កម្ពុជា និង​ចិន គ្រោង​រួម​គ្នា​បង្កើត​មជ្ឈមណ្ឌល បង្កាត់​ពូជឈើ​សំខាន់ៗ និង​មាន​តម្លៃ​នៅ​កម្ពុជា ដែល​គម្រោង​នេះ​មាន​ថវិកា​ឧបត្ថម្ភ​ប្រមាណ​ជា​៥.៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​គ្រោង​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​។

​គម្រោង​នេះ ត្រូវ​បាន​បង្ហាញឡើង នៅ​ក្នុង​កិច្ច​ជំនួប​រវាង​លោក​វេង សុខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​លោក Zhao Shucong នាយក​អង្គការ​លេខាធិការដ្ឋាន បណ្តាញ​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព (APFNet) នា​ថ្ងៃ​ទី​២៦ ខែ​សីហា​នេះ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​។​

​លោក Zhao Shucong បានបញ្ជាក់​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា នាពេលនេះ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​របស់​គម្រោង ដែល​អង្គការ​បាន​ជួយ​គាំទ្រ និង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង ដើម្បី​ផ្តល់​ការគាំទ្រ​សម្រាប់​គម្រោង​ថ្មីៗ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​សម្តែង​ការ​សាទរ ចំពោះ​អង្គការ APFNet ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ ជា​បន្តបន្ទាប់​លើ​គម្រោង​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា ក្នុងទិសដៅ​ស្តារ គ្រប់គ្រង និង​អភិវឌ្ឍ​ព្រៃឈើ​ជាតិ​ឡើងវិញ​។​
​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ក្រសួង​ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ បាន​កំណត់​យក​ទិសដៅ​ទាំងនោះ​ជា​អាទិភាព និង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ជាខ្លាំង ដោយ​បាន​យក​អភិក្រម «​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​» មក​អនុវត្ត​។​

​សូមបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​រវាង ក្រសួង​កសិក​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ APFNet បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៨ គម្រោង​គាំទ្រ​មាន​ចំនួន​៤ ដែល​មាន​ថវិកា​សរុប​ជាង ៧.៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

ព័ត៌មានផ្សេងទៀត