​រដ្ឋាភិបាល​​មាន​មហិច្ឆតា​​ប្រែក្លាយ​កម្ពុជា​​ឱ្យទៅជា​ប្រទេសមួយ​​មិនមាន​ផ្សែង​បារី​​

26-08-2019 2:46 pm 466

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ប្រាប់​លោក​វេជ្ជបណ្ឌិត Takeshi Kasai នាយក​អង្គការ WHO ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​មហិច្ឆតា​ធ្វើយ៉ាងណា​កែ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេសមួយ​ដែល​មិនមាន​ផ្សែង​បារី ហើយ​លោក ហ៊ុន សែន ក៏បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ នឹង​ដាក់ចេញ​នូវ​កម្មវិធី​សុខភាព​ធ្វើយ៉ាងណា បញ្ចប់​នូវ​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​ផងដែរ​។ 

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក​វេជ្ជបណ្ឌិត Takeshi Kasai នាយក​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​វេជ្ជបណ្ឌិត Takeshi Kasai ដែល​ត្រូវបានតែងតាំង និង​ទទួល​តំណែង​ថ្មី​ជា​នាយក​អង្គការ WHO នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​លោក​ក៍​សម្តែង​នូវ​ការសប្បាយរីករាយ​ដែល​បាន​ធ្វើជា​ដៃគូ​ដ៏​ល្អ​ជាមួយនឹង​អង្គការ WHO ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​ទទួលបាន​ពី​ប្រទេសជិតខាង​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បានឱ្យដឹងថា តាមរយៈ​អង្គការ WHO ដែល​កម្ពុជា​បាន​ទប់ស្កាត់ និង​ទទួលបាន​ជោគជ័យ​យ៉ាងច្រើន ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​ដែលមាន​ចរិត​ជា​ប្រពៃណី ដែល​រួមមាន​ជំងឺ​ស្វិតដៃជើង ជំងឺ​កញ្ជ្រិល ជំងឺ​តេតាណូស ជំងឺ​សារ ជំងឺ​គ្រុនផ្ដាសាយ​បក្សី ហើយ​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ កម្ពុជា​ក៏បាន​ធ្វើការ​ទប់ស្កាត់បាន​ជោគជ័យ​ពុំមាន​ការរីក​រាលដាល ហើយក៏​មាន​ការថយចុះ​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ជំងឺ​សម័យថ្មី​នេះ លោក ហ៊ុន សែន ក៏​បានឱ្យដឹង​ផងដែរ កម្ពុជា​កំពុងតែ​សហការ​យ៉ាង​ល្អ​សកម្ម ជាមួយនឹង​អង្គការ WHO ក៏ដូចជា​មួយ​នឹង​បណ្ដា​ប្រទេស​ដទៃទៀត ដើម្បី​ដាក់ចេញ​នូវ​វិធានការ ទប់ស្កាត់ ការពារ​កុំឱ្យ​ជម្ងឺ​នេះ រីក​រាលដាល​ឬ​នាំមក​ដល់​បញ្ហា ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​រីក​រាលដាល​ដល់​ប្រទេស​ដទៃទៀត​។​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ប្រាប់​នាយក​អង្គការ​សុខភាព​ពិភពលោក​ផងដែ​រថា កម្ពុជា​ក៏មាន​ទិសដៅ​នៅក្នុង​ឆ្នាំ​២០២៥ នឹង​ដាក់ចេញ​នូវ​កម្មវិធី​សុខភាព​ធ្វើយ៉ាងណា​បញ្ចប់​នូវ​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា ។ លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏មាន​មហិច្ឆតា ធ្វើយ៉ាងណា​កែ​ប្រែក្លាយ​កម្ពុជា ឱ្យទៅជា​ប្រទេសមួយ​ដែល​មិនមាន​ផ្សែង​បារី​។ ទន្ទឹមនឹងនេះ លោក​ក៏បាន​ប្រាប់ វេជ្ជបណ្ឌិត Takeshi Kasai ថា​កម្ពុជា​កំពុងតែ​អនុវត្ត​នូវ​កម្មវិធី​របប​សន្តិ​សុខ​សង្គម ដែល​បាន​ជួយ​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ ហើយ​ដែលមាន​ជីវភាព​ក្រីក្រ ក្នុងនោះ​កម្ពុជា​គឺ​បាន​កំពុងតែ​ផ្ដល់នូវ​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ តាំងពី​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​រហូតដល់​កូន​មាន​អាយុ​២​ឆ្នាំ​។​

​ដោយឡែក​ចំពោះ កម្មករ​នៅតាម​រោងចក្រ​វិញ លោក ហ៊ុន សែន ថា មាន​កម្មវិធី​ជួយ​ឲ្យ​កម្មករ បាន​ឈប់សម្រាក​រយៈពេល​៣​ខែ ដោយ​បានទទួល​នូវ​ប្រាក់ខែ​១២០% នៃ​ប្រាក់ខែ​ដែល​ត្រូវបាន​។ ជាងនេះទៅទៀត​រាជរដ្ឋាភិបាល​ក៏បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០០​ដុល្លារ ដល់​ស្ត្រី​ជា​កម្មករ ដែល​មានកូន​១ និង ២០០​ដុល្លារ ដល់​កម្មករ​ដែលមាន​កូនភ្លោះ​២ ហើយ​នេះ​ជា​កម្មវិធី​របប​សន្តិសុខ​សង្គម ដែល​កម្ពុជា​កំពុងតែ​ជំរុញ និង​តាមរយៈ​កម្មវិធី​នេះ​រាជរដ្ឋាភិបាល​សង្ឃឹមថា នឹង​ជួយ​កាត់បន្ថយ​មិន​ឱ្យមាន​ជំងឺ​រាតត្បាត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះថា បើ​ប្រជាពលរដ្ឋ​មាន​អាហារូបត្ថម្ភ​ល្អ​ហើយ គឺ​ជំងឺ​រាតត្បាត​ក៏​វា​ត្រូវ​កាត់បន្ថយ​។​

​សូមបញ្ជាក់ថា លោក​វេជ្ជបណ្ឌិត Takeshi Kasai នាយក​អង្គការ​សុខភាព​ពិភពលោក ក្នុងជំនួប​លោក ហ៊ុន សែន លោក​ក៏បាន​ស​សើរ​កម្ពុជា​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ជឿនលឿន​ជាទីបំផុត ហើយ​តាមរយៈ​នេះដែរ​ប្រជាពលរដ្ឋ​កម្ពុជា​នៅពេលនេះ​មាន​អាយុ​វែង​ជាង​កាលពី​ទសវត្សរ៍​មុនៗ​។ លោក​វេជ្ជបណ្ឌិត Takeshi Kasai ថា អង្គការ WHO គឺមាន​ជំនឿ​ជឿជាក់​លើ​កម្ពុជា ជាមួយនឹង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ដោយ​ចីរភាព ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត