ក្រសួង​ទេសចរណ៍​ដាក់​ចេញ​សារាចរ​ណែនាំ​៨​ចំណុច​ដើម្បី​ពង្រឹង​គុណភាព​ទេសចរណ៍​ថ្ងៃ​ភ្ជុំ​បិណ្ឌ​

26-08-2019 1:44 pm 167

ដើម្បី​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៧-២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រសួង​ទេសចរណ៍ បាន​ដាក់ចេញ​នូវ​សារាចរ​ណែនាំ​ចំនួន ៨​ចំណុច ដើម្បី​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី -​ខេត្ត​។​

​សារាចរ​ណែនាំ​ទាំង ៨​ចំណុច ដែល​ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នោះ​រួមមាន​៖

១.​មន្ទី​រទស​ចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជួសជុល កែលម្អ​ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ជាពិសេស​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ព្រមទាំង​ធានាឲ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ចរាចរណ៍ និង​ទី​ចំណត​ជូន​ភ្ញៀវទេសចរ​ឲ្យបាន​ល្អ​ប្រសើរ​

២.​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា រៀបចំ​វត្ត​អារាម​ដែល​មាន​សក្តានុពល​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ អាច​ស្វែងយល់​ពី​ប្រវត្តិ ទំនៀមទម្លាប់ នៃ​ការរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​

៣.​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ឲ្យចូល​រួម​ថែរក្សា​បរិស្ថាន អនាម័យ ដោយ​លុបបំបាត់​ការបោះ​សំរាម និង​កាក​សំណល់​ផ្តេសផ្តាស ជាពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស​ក្រោម​តុ និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន រួម​ទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ។​ចំពោះ​បុគ្គលិក​ដែល​បម្រើការ​ត្រូវមាន​ឯកសណ្ឋាន​ត្រឹមត្រូវ​។​ព្រម​ជាមួយ​គ្នា​នោះ ត្រូវ​ខិតខំ​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ចុះ​អប់រំ​ដល់​អ្នក​លក់​ម្ហូបអាហារ​និង ភេសជ្ជៈ​តាម​ដងផ្លូវ ឲ្យចូល​រួម​ថែរក្សា​អនាម័យ និង​ផ្តល់​នូវ​បដិសណ្ឋារកិច្ច​ល្អ​ចំពោះ​ភ្ញៀវ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

៤.​ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ដើម្បី​ពង្រឹង​គុណភាព​ផលិតផល ចូលរួម​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន និង​ជួញដូរ​ផ្លូវភេទ​លើ​កុមារ ទប់ស្កាត់​រាល់​សកម្មភាព​ក្មេង​ទំនើង លើកកម្ពស់​គុណភាព​សេវាកម្ម អនាម័យ​ម្ហូបអាហារ រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យបាន​សមរម្យ ចៀសវាង​ការ​តម្លើងថ្លៃ​។​ករណី​ដែល​មិន​អនុវត្ត​តាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​

៥.​ធ្វើការ​ណែនាំ​ម្ចាស់​ទូកដ និង​កាណូត​ទេសចរណ៍ ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​កាត់​សមុទ្រ​ទន្លេ ស្ទឹង និង​បឹង មិន​ឲ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវ​បំពាក់​នូវ​សម្ភារៈ​សង្គ្រោះ​នានា​

៦.​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ចាក់​ផ្សាយ​ស្ប៉ត​វីដេអូ ដែលមាន​ខ្លឹមសារ​អប់រំ និង​ចូលរួម​ជំរុញ​ចលនា​ប្រឡងប្រណាំង​”​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​”

៧.​ត្រូវ​សហការ​ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​ដល់​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​

៨.​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ កីឡា និង​ទេសចរណ៍​នៅតាម​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​៕ 

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត