អាជ្ញាធរ​វាយកម្ទេច​អគារ​កម្ពស់​៦​ជាន់​ដែល​រង​ការឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​

26-08-2019 11:16 am 152

​មន្ត្រី​អាជ្ញាធរ ក្រោម​ការដឹកនាំ​ផ្ទាល់​ដោយ​លោក​គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​វាយកម្ទេច​អគារ​កម្ពស់​៦​ជាន់ រង​ការឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។

​មុន​ការ​វាយកម្ទេច កម្លាំង​សមត្ថកិច្ច​ជំនាញ និង​ក្រុម​វិស្វករ បាន​ស្ទួច​យក​នូវ​បំណែក​ជញ្ជាំង​ខាងលើ​ដែល​ប្រេះស្រាំ​ខ្លាំង​ចេញមក​មុន ទើប​ឈាន​ដល់​ការ​រុញ​កម្ទេចចោល​ទាំងស្រុង​នូវ​អគារ​ទាំងមូល ដែល​សល់​តែ​គ្រោង​ឆ្អឹង​។​

​ករណី​អគ្គិភ័យ​ឆេះ​អគារ​សិប្បកម្ម​ផលិត​ពូក កម្ពស់​៦​ជាន់​មួយ​អគារ និង​៤​ជាន់​មួយ​អគារ ជាមួយ​រោង​សិប្បកម្ម​ធំ​មួយ នៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ប្រើប្រាស់​ពេល​ជាង​១៦​ម៉ោង ដើម្បី​បាញ់​ទឹក​ពន្លត់ តាំង​ពី​រសៀល​ថ្ងៃ​ទី​២៣ សីហា​រហូតដល់​ម៉ោង​៥​ព្រឹក ថ្ងៃទី​២៤ ខែ​សីហា​។ ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ ចំនួន​៤៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២៦១​ឡាន​។ មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី មិន​មាន​ការ​ឆេះ​រាលដាល ដល់​ផ្ទះ​របស់​អ្នកជិតខាង និង​មិន​មាន​អ្នកណាម្នាក់​រងរបួស ឬ​បាត់បង់​អាយុជីវិត​ឡើយ​។​

​របាយការណ៍​លម្អិតរ​បស់​សមត្ថកិច្ច បានឲ្យដឹងថា គ្រោះ​អគ្គិភ័យ ដែល​មិន​ធ្លាប់មាន នៅក្នុង​រាជធានី​ភ្នំពេញ​នេះ បណ្តាលឲ្យ​ខូចខាត​សម្ភារ សរុប​ទឹកប្រាក់ ចំនួន​៣,៣៥០,០០០​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់​ថា ក្រោយ​ភ្លើង​ត្រូវបាន​រលត់ សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​មិន​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ និង​ស្នាក់​នៅ​តាម​ផ្ទះ​ឡើយ ដើម្បី​បង្ការ​ករណី​គ្រោះថ្នាក់​កើតឡើង ពី​ការបាក់​រលំ​អគារ ដែល​អគ្គីភ័យ​ឆាបឆេះ ខាងលើនេះ​៕

ព័ត៌មានផ្សេងទៀត