ក្រសួង​ធនធានទឹក​ប្រាប់​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​

26-08-2019 9:40 am 291

​ក្រសួង​ធនធាន​ទឹក​បាន​ចេញ​សេចក្ដីជូនដំណឹង ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ល្បឿន​នៃ​ការ​ហក់​ឡើង​នៃ​ទឹកទន្លេ ជៀសវាង​ជួប​គ្រោះថ្នាក់​ជា​យថាហេតុ ដោយសារ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប (ITCZ) នៅតែ​បន្ត​លាតសន្ធឹង​លើ​តំបន់​នៃ​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម ឡាវ និង ថៃ ដែល​ជា​ហេតុ​បង្ក​ឲ្យមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ​។​

​កត្តា​នេះ​ធ្វើឲ្យ​ទឹក​ទន្លេមេគង្គ​ស្ថិត​នៅក្នុង​ទឹកដី​កម្ពុជា ហក់​ឡើង​នៅ​តាម​ស្ថានីយ​ជល​សាស្ត្រ​ចំនួន​បួន​ដូចជា ស្ថានីយ​ជល​សាស្ត្រ​ស្ទឹងត្រែង​ទឹក​អាច​នឹង​ឡើង​ដល់​កម្ពស់ ៩,៥០​ម ស្ថានីយ​ជល​សាស្ត្រ​ក្រចេះ ទឹក​អាច​នឹង​ឡើងដល់ ១៩,៥០​ម ស្ថានីយ​ជល​សាស្ត្រ​កំពង់ចាម​ទឹក​អាច​នឹង​ឡើង​ដល់ ១២,០០​ម និង ស្ថានីយ​ជល​សាស្ត្រ​ភ្នំពេញ (​ចតុមុខ​) ទឹក​អាច​នឹង​ឡើង​ដល់​កម្ពស់ ៧,៥០​ម ខណៈ​ទឹក​ទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប ទឹកនឹង​ហូរ​ចូល​តាម​បណ្ដា​ព្រែក ឬ តាមរយៈ​ទី​ទំនាប​ខ្លាំង ដែល​ធ្វើឲ្យ​ល្បឿន​ទឹកហ​ក់​ឡើង​ខ្លាំង​៕

ព័ត៌មានផ្សេងទៀត