លោក​ហ៊ុន សែន បន្ត​ឌឺដង​លោក​សម​រង្ស៊ី​ថា​គុក​កំពុង​រង់ចាំ​ថ្ងៃ​វិល​ចូល​ស្រុក​

25-08-2019 1:40 pm 1177

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​២៥ សីហា បាន​បង្ហោះ​អត្ថបទ​ចម្រៀង​ឌឺដង ផ្លែផ្កា​ចំពោះ​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​ដាក់​ចំណងជើង​ថា បទ​ទទារ​យំ​ឆ្លង​២០១៩ ។​

​ក្នុង​ខ្លឹមសារ​នៃ​អត្ថបទ​ចម្រៀង​នោះ លោក​ហ៊ុន សែន បាន​រំ​លេចចេញ​អំពី​ផែនការ​វិល​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដោយ​ភ្ជាប់​អត្ថន័យ​ថា គុក​កំពុង​នឹក រង់ចាំ​លោក​សម រង្ស៊ី វិល​ចូល​ស្រុក និង​បាន​បញ្ឆេះ​លោក​សម រង្ស៊ី ឱ្យ​ធ្វើ​តាម​សន្យា​អំពី​ផែនការ​នោះ ។​

​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​អត្ថបទ​ចម្រៀង​នោះ រួមមាន ៖
១.​ទទារ​យំ​ឆ្លង ត្រ​យ៉ង​បង​អឺយ​ច្បាស់​ហើយ​(២​ដង​).​សង្សា​របង​អឺយ​៩​វិច្ឆិកា ។ គុក​នឹក​បង​ណាស់ សូម​បង​មេត្តា​.​ចូល​មក​រៀម​រ៉ា​សម​ដូច​បំណង ។​
២.​កាល​ពី​គ្រា​មុន​បង​តែង​សា​វ៉ា​(២​ដង​). ធ្វើអោយ​ចិន្តា​អូន​សែន​ចំ​បែង​. ខ្មាស​គេ​ពេញ​ស្រុក​ដោយសា​របង​ឯង​. ពេល​នេះ​កុំ​លេង​ដូច​មុន​ទៀត​ណា ។​
៣.​រង់​អឺយ​រង់ចាំ​៩​វិច្ឆិកា​(២​ដង​). ដល់​ពេល​នោះ​ណា​និង​បាន​ជួប​បង​. បង​មក​លើក​នេះ គុក​មាន​មេត្តា​. ផ្តល់​អោយ​រៀម​រ៉ា​ជ្រកកោន​ដូច​ចិត្ត ។​
៤.​អូន​សូម​អង្វរ​បង​កុំ​ប្តូរ​ចិត្ត​(២​ដង​). គួរតែ​អាណិត អ្នក​ដែល​រង់ចាំ​. សូម្បី​តែ​គុក ក៏​ចេះ​ផ្តែផ្តាំ​. សូម​បង​ស៊ូទ្រាំ ធ្វើ​តាម​សន្យា ។​

​កាលពី​ថ្ងៃ​ទី​១៦ សីហា ថ្មីៗ​នេះ លោក​សម រង្ស៊ី តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់​អំពី​ផែនការ​ធ្វើ​មាតុភូមិ​និវត្ត​មក​ប្រទេស​កម្ពុជា ដោយ​កំណត់​យក​ថ្ងៃទី​៩ វិច្ឆិកា ចំ​ខួប​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ ។ 

​ជាងនេះទៅទៀត លោក​បាន​ប្រកាសថា ការវិល​ចូល​ស្រុក​នេះ គឺ​ធ្វើឡើង​ដើម្បី​បំផុស​កម្លាំង​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ ចាប់ខ្លួន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមែន​ធ្វើ​ឡើង​ដើម្បី​ឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ខ្លួនលោក ​សម រង្ស៊ី ​ទេ ៕

ព័ត៌មានផ្សេងទៀត