រដ្ឋបាលរាជធានីភ្នំពេញឲ្យពលរដ្ឋផ្អាកធ្វើដំណើរកាត់តំបន់អគារដែលត្រូវភ្លើងឆេះរយៈពេលបីថ្ងៃ

25-08-2019 11:49 am 157
  ស្តាប់
ស្តាប់ជាសំឡេង

ទោះបីជាសមត្ថកិច្ច គ្រប់គ្រងបានទាំងស្រុង ចំពោះករណីអគ្គីភ័យដែលបានកើតឡើងលើអគាររោងចក្រផលិតពូក ដែលស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ចប់ប្រតិបត្តិការនៅឡើយទេ ពោលនៅបន្ដសំអាតបរិវេណអគារ ពិសេសគំនរដែលអគារបាក់រលំ និងត្រៀមកម្ទេចអគារមួយទៀត ដែលមានសភាពទ្រុងទ្រោមខ្លាំងដោយសារភ្លើងឆេះ។

ស្របពេលដែលសមត្ថកិច្ចត្រៀមកម្ទេចអគារដែលមានសភាពទ្រុឌទ្រោម និងកំពុងប្រះបាក់ជាបំណែកៗនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់តាមរយៈហ្វេស ប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៤ ខែសីហាថា ដើម្បីរក្សាសុខសុវត្ថិភាព ប្រជាពលរដ្ឋដែលរស់នៅតំបន់កើតហេតុផ្ទាល់ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ សាលាក្រុងភ្នំពេញសម្រេចចិត្តថានឹងពង្វាងទិសដៅចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

យោងតាមការចុះផ្សាយលើគេហទំព័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានកាលពីទៀបភ្លឺថ្ងៃទី២៤ ខែសីហា ហើយការឆាបឆេះនេះទៀតសោត បានបណ្តាលឲ្យខូចខាតទាំងស្រុងចំពោះរោងសិប្បកម្មផលិតពូកគេង សង់ពីថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កំពស់៤ជាន់ រួមទាំងឆេះដល់ឧបករណ៍សម្ភារបម្រើឲ្យការផលិតពូកមានដូចជា៖ម៉ាស៊ីនដេរចំនួន ១៨គ្រឿង  ម៉ាស៊ីនកាត់ពូកចំនួន ៧គ្រឿង ម៉ាស៊ីនចាក់ពូកចំនួន ១គ្រឿង តែពុំបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។

ដោយឡែកបើយោងតាមរបាយការណ៍បានបញ្ជាក់ថា ក្នុងករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ៤៥គ្រឿង និងប្រើប្រាស់ទឹកអស់ជិត៣០០ឡាន  ដោយមានការចូលរួមទាំងរថយន្តក្នុងវិស័យរដ្ឋនិងឯកជន ។ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា  រោងចក្រផលិតពូកនេះខាងលើនេះមានម្ចាស់ឈ្មោះកាន់ ចន្ថា ភេទប្រុស អាយុ៦៣ឆ្នាំ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គីភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយបានកើតឡើងនៅកន្លែងរោងចក្រសិប្បកម្មពូក ស្ថិតតាមណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

ព័ត៌មានផ្សេងទៀត