លោក​ស៊ុន​ចាន់ថុល​៖ អាង​ចម្រោះ​ទឹក​កខ្វក់​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ព្រះសីហនុ​

25-08-2019 11:23 am 504
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពិធី​បើក​និង​បិទ​សិក្ខាសាលា​ស្តីពី​លទ្ធផល​នៃ​ការរៀបចំ​ផែនការមេ និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ នា​ថ្ងៃ​ទី​២៣ សីហា លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ប្រាប់ថា វិសាលភាព​អាង​ចម្រោះ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​នៅ​ពុំទាន់​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការប្រើប្រាស់​ជាក់ស្តែង​បាន​នៅឡើយ...

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​ថ្លែងថា យើង​មាន​អាង​ច្រោះ​ទឹក​កខ្វក់​មួយ​ដែល​មាន​ទំហំ​ដី ១៦,២​ហិកតា ដែល​បច្ចុប្បន្ន​មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​បាន​ប្រមាណ​៣​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ តាមរយៈ​ម៉ាស៊ីន​បាញ់​ខ្យល់ តែ​បរិមាណ​នេះ មិន​អាច​ឆ្លើយតប​ទៅនឹង​បរិមាណ​ទឹក​កខ្វក់​ដែល​ត្រូវ​បាន​បញ្ចេញ​ពី​ប្រភព​ប្រើប្រាស់​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឡើយ ។ 

​លោក ស៊ុន ចាន់ថុល បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត រិះរក​គ្រប់​មធ្យោបាយ និង​គ្រប់​នីតិវិធី ធ្វើ​យ៉ាងណា​មិន​ឱ្យ​ទឹក​កខ្វក់​ហូរ​ចូលទៅ​ក្នុង​សមុទ្រ​ដោយផ្ទាល់​ឡើយ ។​

​លោក​រដ្ឋមន្ត្រី​បន្តថា ដើម្បី​គ្រប់គ្រង​ទឹក​កខ្វក់​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​ត្រូវការ​ផែនការ​មេ​មួយ​ជាក់លាក់ សំដៅ​ធ្វើឱ្យ​ទីក្រុង​ពហុ​មុខងារ​មួយ​នេះ មាន​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​តាម​ការអភិវឌ្ឍ និង​ការពង្រីក​វិសាលភាព​របស់​ខេត្ត​យ៉ាងគំហុក ។​

​លទ្ធផល​សេចក្តីព្រាង​ផែនការមេ និង​សមិទ្ធិ​លទ្ធភាព​បាន​បង្ហាញថា ចាប់ពី​ឆ្នាំ​២០១៩​រហូតដល់​ឆ្នាំ​២០២១ ស្ថានីយ​ប្រព្រឹត្តិកម្ម​មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​បាន​ចំនួន​៤​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ និង​ពី​៦-៨​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០៣០ តាមរយៈ​ការពង្រីក​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្តិកម្ម និង​ការប្រើប្រាស់​បច្ចេកវិទ្យា​មេកា​និក ក៏​ដូចជា​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ​មេ លូ​ខ្នែង លូត​ភ្ជាប់​ទៅ​ប្រភព​ប្រើប្រាស់ និង​ការសាងសង់​ស្ថានីយ​បូមទឹក​កខ្វក់​ជាដើម ។​

​លោក​បញ្ជាក់ថា ក្រសួង​មិន​ត្រឹមតែ​សិក្សា​ផែនការមេ​ក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ​ទេ តែ​ក៏​សិក្សា​ផែនការមេ​គ្រប់គ្រង​ទឹក​កខ្វក់ និង​ទឹកភ្លៀង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​កំពត កែប កោះកុង កំពង់ចាម និង​ខេត្ត​ផ្សេងទៀត នៅ​ទូទាំង​ប្រទេស​ដែរ ៕

ព័ត៌មានផ្សេងទៀត