លោក ប៉ាន សូរ​ស័ក្តិ ស្នើ​មន្ត្រី​ខ្លួន​ធ្វើ​កិច្ចការ​បួន​យ៉ាង​ដើម្បី​ពង្រឹង​អភិបាលកិច្ច

25-08-2019 11:21 am 164
  ស្តាប់
ស្តាប់ជាសំឡេង

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​មន្ត្រី​របស់​ខ្លួន​ឲ្យធ្វើ​កិច្ចការ​សំខាន់ៗ​ចំនួន​បួន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង តាមដាន​វឌ្ឍនភាព​ការងារ​របស់​មន្ទីរ និង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ការងារ​សំខាន់ៗ​របស់​ក្រសួង​ពាណិជ្ជកម្ម ក៏​ដូចជា​កិច្ច​ការ​ដែល រដ្ឋាភិបាល​និង​ក្រសួង​កំពុង​បន្ត​អនុវត្ត សំដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​។ 

​លោក ប៉ាន សូរ​ស័ក្ត បាន​ស្នើ​ដល់​មន្ត្រី​ពាណិជ្ជកម្ម​ធ្វើ​កិច្ចការ​ចំនួន​បួន​មាន​ដូចជា ទី​១ ខិតខំ​ពង្រីក​ចំណេះដឹង​ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស ទី​២ សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាណិជ្ជកម្ម ទី​៣ បញ្ចៀស​ដាច់ខាត​ការ​យក​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន និង​ទី​៤ សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពង្រឹង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​អង្គភាព​របស់​ខ្លួន​។ ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​ឱកាស​ចុះ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​កាល​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១៩​។

​លោក ប៉ាន សូរ​ស័ក្តិ បានបញ្ជាក់​ថា ក្រសួង​បាន​ពង្រឹង​ការការពារ​កម្មសិទ្ធិបញ្ញា និង​យន្តការ​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ សំដៅ​ការពារ​សុខមាលភាព​ប្រជាជន​ទាំងមូល តាមរយៈ​ច្បាប់​ចំនួន​បី ដែល​នឹង​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថ្មី​គឺ ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្ដីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដែល​ច្បាប់​ទាំងអស់នេះ បានអនុម័ត​រួច​ហើយ​ដោយ​គណៈរដ្ឋមន្ត្រី ហើយ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា ដើម្បី​ធ្វើ​ការអនុម័ត នៅពេល​បើក​បវេសនកាល​ឡើងវិញ​។ 

​សូមបញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ចូលរួម​ក្នុង​ការអនុវត្ត​យុទ្ធសាស្ដ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​បាន​អនុម័ត​កាលពី​ខែ​មិថុនា ឆ្នាំ​២០០៥ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​បរិយា​ប័ន (​ការចូលរួម​ពី​គ្រប់ភាគី​) រវាង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​ធានា​ការអភិវឌ្ឍ​សង្គម និង​ការធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​៕

ព័ត៌មានផ្សេងទៀត