កម្ពុជា​-​វៀតណាម​គ្រោង​បង្កើន​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ​-​ខេត្ត​ដា​ណា​ង​បន្ថែម​

25-08-2019 9:45 am 126
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​និង​វៀតណាម​គ្រោង​បង្កើត​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ដា​ណា​ង​ប្រទេស​វៀតណាម​មួយ​បន្ថែមទៀត នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេ​សរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ សីហា...

​ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី ថោង ខុន និង​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា លោក​ថោង ខុន បានបញ្ជាក់​ថា ខេត្ត​ដា​ណា​ង ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​ដ៏​ធំ​របស់​វៀតណាម ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្តថា ទីនោះ នឹង​សំបូរ​ទៅដោយ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ទី​បី​ច្រើន ដែល​អាច​បន្ត​ការហោះហើរ​ត្រង់​មក​ទស្សនា​កម្ពុជា ហើយ​ការតភ្ជាប់​នេះ នឹង​បង្ក​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​មក​ភ្នំពេញ ឬ​ហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ដា​ណា​ដែរ ។​

​លោក​សង្កត់ធ្ងន់​ថា អ្វី​ដែល​សំខាន់ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ទី​បី​ឱ្យបាន​កាន់តែ​ច្រើន ។​

​ជាមួយ​គ្នា​គាត់​ក៏​បាន​បញ្ជាក់ថា តំបន់​ណា​ដែល​កម្ពុជា​មាន​អគ្គ​កុងស៊ុល​ប្រចាំការ​នៅ​ទីនោះ ដូចជា​ខេត្ត​ស៊ី​អាន​, ខេត្ត​ឆុង​ឃី​ង​, ទីក្រុង​សៀង​ហៃ​, ខេត្ត​ក្វាង​ចូ​វ និង​ទីក្រុង​ប៉េកាំង​ជាដើម ត្រូវ​ពង្រឹង គិតកូរ​លើ​ការបង្កើន​ជើងហោះហើរ​ត្រង់ ទៅ​កាន់​តំបន់​គោលដៅ​ទាំងនោះ ព្រោះ​តំបន់​ដែល​មាន​អគ្គ​កុងស៊ុល ភ្ញៀវទេសចរ​ងាយស្រួល​ក្នុង​ការសុំ​ទិដ្ឋាការ​មក​កម្ពុជា ។​

​គូសបញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air មាន​ជើងហោះហើរ​ត្រង់​ពី​ខេត្តសៀមរាប ទៅ​ខេត្ត​ដា​ណា​ង ប្រទេស​វៀតណាម​រួច​ហើយ ។ ក្រៅពីនេះ ក្រុមហ៊ុន​បាន​កំពុង​បើក​ការហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​, ពី​ខេត្ត​ព្រះសីហនុ​ទៅ​ទីក្រុង​ប៉េកាំង​, ពី​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្តសៀមរាប និង​ពី​ពី​ខេត្ត​សៀមរាប​ទៅ​ទីក្រុង​ហាណូយ​ជាដើម ៕

ព័ត៌មានផ្សេងទៀត