រោងចក្រ​ផលិត​ពូក​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង តែ​ពុំ​មាន​អ្នកស្លាប់​ឬ​របួស​ទេ​

25-08-2019 9:40 am 520
  ស្តាប់
ស្តាប់ជាសំឡេង

​ករណី​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​អគារ​រោងចក្រ​ផលិត​ពូក​កម្ពស់​៦​ជាន់ ទល់មុខ​ពេទ្យ​រុស្សី នៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ត្រូវបាន​សមត្ថកិច្ច​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃទី​២៤ សីហា តែ​រហូតទល់​ម៉ោង​ជាង​៤​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ផ្តើម​ប្រតិបត្តិ​ការកាយ​គំនរ​អគារ​ដែល​បាក់​រលំ ...

​គិតទល់​ម៉ោង​៥​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​២៤ សីហា សមត្ថកិច្ច​បាន​គ្រប់គ្រង​អគ្គីភ័យ​បាន​ទាំងស្រុង​ហើយ តែ​ចំពោះ​អគារ​កម្ពស់​៤​ជាន់ សមត្ថកិច្ច​បាន​រំលំ​អគារ​នោះ​ចោល​តែ​ម្តង ក្រោម​ហេតុផល​ខ្លាច​រលំ​បាក់​ស្រុត​លើផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង ។​

​របាយការណ៍​បានឱ្យដឹងថា ក្នុង​យុទ្ធនាការ​ពន្លត់​អគ្គីភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​សរុប​ចំនួន​៤៥​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ២៨២​ឡាន  ដោយ​មាន​ការចូលរួម​ទាំង​រថយន្ត​ក្នុង​វិស័យ​រដ្ឋ​និង​ឯកជន ។​

​ឧត្តមសេនីយ៍ទោ នេ​ត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​ពន្លត់​អគ្គីភ័យ​ស្រង់​សម្តី​ដោយ​អង្គភាព​ហ្វ្រេស​ញ៉ូយ៍ នៅ​ថ្ងៃ​ទី​២៤ សីហា​ថា អគារ​ដែល​ត្រូវបាន​អគ្គីភ័យ​វាយប្រហារ​នេះ មាន​ចំនួន​៣​ទីតាំង និង​រោង​សិប្បកម្ម​ធំ​មួយកន្លែង ក្នុងនោះ អគារ​កម្ពស់​៤​ជាន់​មាន​ចំនួន​ពីរ អគារ​មួយ​បាន​បាក់​រលំ​ដល់​ដី និង​មួយទៀត​បាន​ប្រេះ​ជា​បំណែក ។ ដោយឡែក សម្រាប់​អគារ​កម្ពស់​៦​ជាន់ មិន​រលំ​ទេ តែ​សម្រាប់​រោង​សិប្បកម្ម​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង ។​

​គូសបញ្ជាក់ថា នៅវេលា​ម៉ោង​១:២០​នាទី​រសៀល ថ្ងៃទី​២៣ សីហា ករណី​អគ្គីភ័យ​បាន​កើតឡើង​នៅ​សិប្បកម្ម​ពូក ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៨​បេតេ កែង​ផ្លូវ​លេខ​៣​បេតេ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​របាយការណ៍​បានឱ្យដឹងថា ម្ចាស់​ឈ្មោះ កាន់ ចន្ថា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ម្ចាស់​រោងចក្រ ប្រភេទ​សំណង់ សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ x ២០០​ម៉ែត្រ កម្ពស់​៤​ជាន់ ។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការឆាបឆេះ​នៃ​អគារ​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ។​

​របាយការណ៍​ឱ្យដឹងថា សិប្បកម្ម​ផលិត​ពូក​គេង​សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​x២០០​ម៉ែត្រ កម្ពស់​៤​ជាន់​, ឧបករណ៍​សម្ភារ​បម្រើ​ឱ្យ​ការផលិត​ពូក​មានដូចជា​ម៉ាស៊ីនដេរ​១៨​គ្រឿង​, ម៉ាស៊ីន​កាត់​ពូក​៧​គ្រឿង​, ម៉ាស៊ីន​ជាក់​ពូក​១​គ្រឿង ត្រូវ​បាន​ឆាប់ឆេះ​អស់​ទាំងស្រុង ក៏ប៉ុន្តែ ពុំ​បាន​ឆេះ​រាលដាល់​ដល់​ផ្ទះ​អ្នកជិតខាង និង​ពុំ​បាន​បណ្តាលឱ្យ​មាន​មនុស្ស​របួស ឬ​ស្លាប់​ឡើយ ៕

ព័ត៌មានផ្សេងទៀត