លោក​ហ៊ុន សែន ទូរស័ព្ទ​ចរចា​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​ពី​បញ្ហា​កងទ័ព​នៅ​ព្រំដែន​

24-08-2019 3:08 pm 307

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​នេះ បាន​ជួប​ទូរស័ព្ទ​ចរចា​ដោយផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត ដើម្បី​ឲ្យ​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ដកចេញ​ពី​តំបន់​ព្រំដែន​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ទូរស័ព្ទ​ប្រាប់​លោក លឹម ជា​វុត្ថា នាយក​ប្រតិបត្តិ​អង្គភាព​ព័ត៌មាន Fresh New​ថា «​នៅ​ព្រឹក​មិញ​វេលា​ម៉ោង​៩ ខ្ញុំ​បាន​ជួប​ផ្ទាល់​ទូរស័ព្ទ ជាមួយ​នាយក​រដ្ឋមន្ត្រី ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត ដោយ​មាន​ការចរចា​ល្អ និយាយ​ជាមួយគ្នា​ដោយ​រីករាយ ហើយ​សម្រេច​ឲ្យ​កងទ័ព នៃ​ប្រទេស​ទាំង​២ ដកចេញ​ពី​តំបន់​មុំ​បី ដែល​មិន​ទាន់​ដោះស្រាយ​ចប់ និង​បន្ត​ជួបចរចា​គ្នា​ទៀត ហើយ​រហូត​មកដល់ពេលនេះ មិន​មាន​ភាព​តានតឹង​នោះទេ ដោយ​កងទ័ព​របស់​យើង​ទាំង​២ នៅ​ជាមួយគ្នា ស៊ី​បាយ​ជាមួយគ្នា ដូច្នេះ​សូម​ប្រជាពលរដ្ឋ របស់​យើង​ទាំងអស់ កុំ​មាន​ការបារម្ភ​ឲ្យសោះ​»​។​

​លោក​ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅពេល​ពាក់កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ នាយករដ្ឋមន្ដ្រី​ឡាវ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​បន្ថែម ទៅលើ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៣ សីហា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​កម្ពុជា​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា កងទ័ព​កម្ពុជា និង​កងទ័ព​នៃ​ប្រទេស​ឡាវ កំពុង​ស្ថិតក្នុង​ភាព​ប្រឈមមុខ​ដាក់​គ្នា​នៅ​តំបន់​មុំ​បី​នៃ​ព្រំដែន​ខេត្តព្រះវិហារ​។ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន រដ្ឋមន្ត្រី​ការពារជាតិ លោក​ទៀ បាញ់ ថា មិន​មាន​ភាព​តានតឹង ឬ​មាន​អ្វី​ធ្ងន់ធ្ងរ​នោះឡើយ ហើយ​ភាគី​ទាំង​ពីរ​កំពុង​តែ​ចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ​។

​ជា​ការកត់សម្គាល់ កាលពី​ខែ​សីហា​ឆ្នាំ​២០១៧ កងទ័ព​កម្ពុជា​ក៏​ធ្លាប់​បាន​ប្រឈមមុខ​នឹង​កងទ័ព​ឡាវ​មួយ​រយៈពេល​ខ្លី ទាក់ទង​នឹង​ការទាមទារ​ការកាន់កាប់​តំបន់​ព្រៃ​ធម្មជាតិ​លើ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង ផងដែរ​៕


ព័ត៌មានផ្សេងទៀត