កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​ពីរ​គ្រាប់​​ទៀត​​ចូល​សមុទ្រ​​នៅ​ថ្ងៃទី​២៤​​សីហា​នេះ​

24-08-2019 11:45 am 197
មីស៊ីលដែលកូរ៉េខាងជើងធ្វើតេស្ដ

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៤​សីហា​នេះ បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ទៀត​ចូលទៅក្នុង​សមុទ្រ​ខាងកើត​។ នេះ​បើតាម​ការបញ្ជាក់​ពី​យោធា​កូរ៉េខាងត្បូង​។ ចំណែក​មន្ដ្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បានឲ្យដឹងថា មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​នៅពេលនេះ ស្រដៀង​គ្នា​នឹង​មី​ស៊ី​ល​ដែល​បាញ់​កាលពី​លើក​មុន​ដែរ​។ 

ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៤​សីហា​នេះ​គឺជា​លើក​ទី​៧​ហើយ គិត​តាំងពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​លើកចុងក្រោយ នៅ​តំបន់​ព្រំដែន​កូរ៉េ​កាលពី​ខែមិថុនា​។ ខណៈពេល​នេះ​កិច្ចពិភាក្សា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏​កំពុង​ជាប់គាំង​ពុំទាន់​រកឃើញ​ដំណោះស្រាយ​នៅឡើយ​។ ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​បើតាម​លោក​គីម ជុង​អ៊ុន លោក​ថា​ដើម្បី​ព្រមាន​ដល់​អាមេរិក​និង​កូរ៉េខាងត្បូង ដែល​ហ៊ាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មិន​ខ្វល់​ពី​ការអំពាវនាវ​របស់​កូរ៉េខាងជើង​។ តែ​ទោះជា​យ៉ាងនេះ​កូរ៉េខាងជើង​ក៏​មិនបាន​បោះបង់​គោលបំណង​ចរចា​ដោយ​សន្ដិវិធី ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​លើ​ឧបទ្វីប​កូរ៉េ​ដែរ​៕

ព័ត៌មានផ្សេងទៀត