លោក​ត្រាំ​​ចង់ឲ្យ​ក្រុមហ៊ុន​​អាមេរិក​រើ​ទីតាំង​​ពីចិន​មក​ដាក់​​នៅ​​អាមេរិក​វិញ​

24-08-2019 10:06 am 708

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ បានចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាមេរិក ត្រូវ​ស្វែងរក​ផ្លូវ ដើម្បី​បញ្ចប់​កិច្ចសហប្រតិបត្ដិកា​ររ​បស់​ពួកគេ​នៅ​ក្នុងប្រទេស​ចិន និង​ធ្វើយ៉ាងណា​ផលិត​ទំនិញ​របស់​ពួកគេ​នៅ​អាមេរិក​ជំនួស​វិញ​។ ការលើកឡើង​ដូច្នេះ​ស្របពេល​ភាព​តានតឹង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​បាននិងកំពុង​កើនឡើង​។​

​លោក​ត្រាំ​មិនអាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក បោះបង់ចោល​ចិន​ដោយ​ស្របច្បាប់​បានទេ​។ លោក​ក៏​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត ពី​របៀប​ដែល​លោក​អាច​នឹង​បន្ដ​ការបញ្ជា​របស់លោក​ដែរ ទោះបី​លោក​និយាយថា​នឹង​ឆ្លើយតប​នៅពេល​ក្រោយ ចំពោះ​ការដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ដែល​ចិន​បានប្រកាស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។ ប្រាក់​ដុល្លារ​អាមេរិក​បាន​កើនឡើង​យ៉ាងខ្លាំង បើ​ធៀប​នឹង​ប្រាក់​យ័ន​របស់​ចិន តែ​ទី​ផ្សារភាគហ៊ុន​អាមេរិក​បាន​ធ្លាក់ចុះ នៅពេលដែល​លោក​ត្រាំ​បានដាក់​គំនាប​ប្រឆាំង​ចិន​ក្នុងពេល​ថ្មីៗ​។​

​លោក​ត្រាំ​បាន​សរសេរ​សារ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រថា “​ក្រុមហ៊ុន​អាមេរិក​ដ៏​អស្ចារ្យ​របស់​យើង ត្រូវបាន​បញ្ជា​ឲ្យ​ចាប់ផ្ដើម​ស្វែងរក​ជម្រើស​ដែល​អាច​ជំនួស​ប្រទេស​ចិន ក្នុងនោះ​មាន​ការនាំយក​ក្រុមហ៊ុន​របស់​អ្នក​ត្រឡប់មកផ្ទះ​វិញ ហើយ​ផលិត​ទំនិញ​របស់​អ្នក​នៅក្នុង​ទឹកដី​អាមេរិក​។ យើង​មិន​ត្រូវការ​ចិន​ទេ និយាយ​ឲ្យ​ត្រង់​ទៅ​វា​នឹង​កាន់តែ​ប្រសើ​របើ​គ្មាន​ពួកគេ​។​”

​សូមបញ្ជាក់ថា ផលិតផល​ជាច្រើន​ដែល​លក់​នៅ​អាមេរិក ក៏មាន​ទំនិញ​មួយចំនួន​ផលិត​នៅ​ប្រទេស​ចិន​ដែរ​។ សម្រាប់​ការផ្លាស់ប្ដូរ​ផលិតកម្ម​នៃ​ទំនិញ​សំខាន់ៗ​នៅក្នុង​ប្រទេស​ចិន អាច​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ ហើយ​តម្លៃ​វិញ​ក៏​អាច​ថ្លៃ​ដែរ​។ កាលពី​សប្ដាហ៍​មុន​លោក​ត្រាំ​បាន​លុបចោល​កាលបរិច្ឆេទ​ថ្ងៃទី​០១​កញ្ញា ជា​ពេល​កំណត់​ត្រូវ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន លើក​ទៅ​ថ្ងៃក្រោយ​វិញ​។ ទំនិញ​ដែល​អាមេរិក​ត្រូវ​ដំឡើង​ពន្ធ​មានដូចជា​ទូរស័ព្ទដៃ កុំព្យូទ័រ​យួរដៃ និង​ទំនិញប្រើប្រាស់​ជាច្រើន​ទៀត​៕

ព័ត៌មានផ្សេងទៀត