ប្រមុខ​ការពារជាតិ​៖​​ស្ថានភាព​​ព្រំដែន​កម្ពុជា​-​ឡាវ​ មិនមាន​​ភាព​តានតឹង​​នោះទេ​​

24-08-2019 9:50 am 943

​រដ្ឋមន្ត្រី​ការពារជាតិ លោក​ទៀ បាញ់ បានបញ្ជាក់​តាមរយៈ​បណ្តាញ​ព័ត៌មាន​Fresh News នៅ​យប់​ថ្ងៃទី​២៣ សីហា ថា រហូត​មកដល់ពេលនេះ ស្ថានភាព​ព្រំដែន​កម្ពុជា​-​ឡាវ មិនមាន​ភាព​តានតឹង ឬ​មាន​អ្វី​ធ្ងន់ធ្ងរ​នោះឡើយ ហើយ​ភាគី​ទាំងពីរ​កំពុងតែ​ចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ​។​

​លោក​ទៀ បាញ់ បាន​បញ្ជាក់ទៀតថា នឹង​មានការ​ពិគ្រោះគ្នា​ថ្នាក់ខ្ពស់ នៃ​ភាគី​ទាំងពីរ ហើយ​កុំ​មាន​ការបកស្រាយ​ហួសហេតុ​ពេក ដោយ​លោក​និយាយថា មិនមាន​អ្វីដែល​ជាការ​ប្រឈម​ខ្លាំងក្លា​ទេ​។​

​ការបញ្ជាក់​របស់ លោក​ទៀ បាញ់ នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ចែកចាយ​ត​គ្នា នូវ​ព័ត៌មាន​ដែលថា ស្ថានភាព​នៅតាម​ព្រំដែន​កម្ពុជា​-​ឡាវ កំពុង​តានតឹង​ដាក់គ្នា​ស្ទើរតែ​ផ្ទុះអាវុធ នៅពេលដែល​កងទ័ព​ឡាវ និង​កម្ពុជា មាន​វត្តមាន​នៅ​ព្រំដែន​ត្រង់ចំណុច​ព្រំដែន​ទន្លេ​ល្ពៅ ខេត្ត​ព្រះវិហារ​។​

​លោក​ទៀ បាញ់ បញ្ជាក់ថា ភាគី​ទាំងពីរ​កម្ពុជា​-​ឡាវ គឺ​តាំងពី​ដំបូង បាន​បញ្ជា​ដាច់ខាត មិន​ឱ្យមាន​ការប៉ះទង្គិច​គ្នា​នោះទេ ដោយ​ត្រូវ​ឈរ​ទៅលើ​ការជជែក​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​លោក​សង្ឃឹមថា រឿងនេះ​នឹង​បាន​ដោះស្រាយ​ចប់​ឆាប់ៗ​នេះ​។​

​បើតាម​លោក​ទៀ បាញ់ បញ្ហា​នេះ កើតឡើង​ដោយសារតែ​តំបន់​នោះ​ជា​តំបន់​មិនទាន់​បោះបង្គោល​ព្រំដែន​ដាច់ស្រេច​នៅឡើយ ហើយ​ប្រជាជន​ខ្មែរ បានឃើញ​ដី​នោះ​ទំនេរ ក៏​ទៅ​បង្កបង្កើនផល​ទីនោះ ហើយ​កងទ័ព​ឡាវ​បានមក​ដក​ដំណាំ​របស់​ពួកគាត់ ទើប​ប្រជាជន​បាន​រាយការណ៍​ដល់​កង​កម្លាំងយោធា​របស់​កម្ពុ​ជា​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៣ សីហា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​កម្ពុជា​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា កងទ័ព​កម្ពុជា និង​កងទ័ព​នៃ​ប្រទេស​ឡាវ កំពុង​ស្ថិតក្នុង​ភាព​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​មុំ​បី​នៃ​ព្រំដែន​ខេត្តព្រះវិហារ​។ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​អ្នកនាំពាក្យ​កងទ័ពជើងគោក  ច្រានចោល​រួចហើយ​ដែរ​។​

​ជា​ការកត់សម្គាល់ កាលពី​ខែសីហា​ឆ្នាំ​២០១៧ កងទ័ព​កម្ពុជា​ក៏​ធ្លាប់បាន​ប្រឈមមុខ​នឹង​កងទ័ព​ឡាវ​មួយ​រយៈពេល​ខ្លី ទាក់ទង​នឹង​ការទាមទារ​ការកាន់កាប់​តំបន់​ព្រៃ​ធម្មជាតិ​លើ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំងពីរ ក្នុង​ខេត្តស្ទឹងត្រែង ផងដែរ​៕

 ពាក្យគន្លឹះ  លោកទៀបាញ់កម្ពុជាឡាវ

ព័ត៌មានផ្សេងទៀត