ចិន​ប្រកាស​​នឹង​ដំឡើង​ពន្ធ​ថ្មី​​លើ​ទំនិញ​នាំចូល​​ពី​អាមេរិក​​ជា​ពីរ​ដំណាក់កាល​

24-08-2019 9:44 am 255

​ប្រទេស​ចិន​កំណត់​នឹង​ដំឡើង​ពន្ធ​១០​ភាគរយ លើ​ទំនិញ​នាំចូល​ពី​អាមេរិក​តម្លៃ​៧៥​ពាន់​លាន​ដុល្លារ ស្របពេល​ជម្លោះ​ពាណិជ្ជកម្ម​ផ្ទុះឡើង​ជាថ្មី​។ ទំនិញ​កសិកម្ម ប្រេង​ឆៅ និង​យន្ដហោះ​ធុន​តូច ស្ថិតក្នុង​ចំណោម​ផលិតផល​ដែល​ត្រូវ​បានកំណត់​គោលដៅ​។ ការដំឡើង​ពន្ធ​នេះ​ជាការ​សងសឹក​បន្ទាប់ពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បានបង្ហាញ​ពី​ផែនការ​គ្រោង​ដំឡើង​ពន្ធ​១០​ភាគរយ លើ​ទំនិញ​ចិន​នាំ​ចូលទៅ​អាមេរិក​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​។ 

​ការដំឡើង​ពន្ធ​ថ្មី​នឹងមាន​ចន្លោះ​ពី​៥​ភាគរយ​ទៅ​១០​ភាគរយ ហើយ​នឹងត្រូវ​អនុវត្ដ​ចំពោះ​ទំនិញ​ជាង​៥​ពាន់​មុខ​នាំចូល​ពី​អាមេរិក​។ ទីក្រុង​ប៉េកាំង​ក៏​នឹង​ប្រមូល​ពន្ធ​២៥​ភាគរយ លើ​ការនាំ​ចូល​រថយន្ដ​របស់​អាមេរិ​កដែល​ខ្លួន​បានលើកលែង​កាលពីដើ​ម​ឆ្នាំ​២០១៩ ក្នុង​កាយវិការ​បង្ហាញ​ពី​សុ​ឆន្ទៈ ខណៈ​ប្រទេស​ទាំងពីរ​ព្យាយាម​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​ផលិត​រថយន្ដ​បាន​ឆ្លើយតប​ថា ការដំឡើង​ពន្ធ​របស់​ចិន​នឹង​ធ្វើឲ្យ​ការងារ​អាមេរិក​ប្រឈម​គ្រោះថ្នាក់​។​

​លោក​John Bozzella​ដែលជា​តំណាងឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ​បាននិ​យាយ​ថា នៅពេលដែល​ការដំឡើង​ពន្ធ​ត្រូវបាន​ចិន​ដាក់​លើកដំបូង​ក្នុង​ឆ្នាំ​២០១៧ ការនាំចេញ​ផលិតផល​រថយន្ដ​សម្រេច​របស់​អាមេរិក បាន​ធ្លាក់ចុះ​រហូតដល់​៥០​ភាគរយ​។ ដូច្នេះ​មិនអាច​ឲ្យ​រឿងនេះ​កើតឡើង​លើក​ម្មករ​អាមេរិក​ម្ដង​ទៀតឡើយ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​០១​ខែសីហា​ប្រធានាធិបតី​អាមេរិក បានបង្ហាញ​ផែនការ​ដំឡើង​ពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន ដោយបាន​បន្ទោស​ចិន​ថា​មិន​ធ្វើតាម​ការសន្យា​ទិញ​ផលិតផល​កសិកម្ម​បន្ថែម​ពី​អាមេរិក​។ ការដំឡើង​ពន្ធ​នេះ​គ្រោង​នឹង​ណែនាំ​ឲ្យ​អនុវត្ដនៅ​ថ្ងៃទី​០១​ខែកញ្ញា​ខាងមុខ​នេះហើយ ប៉ុន្ដែ​ក្នុង​រយៈពេល​តិចជាង​២​សប្ដាហ៍​ក្រោយមក លោក​ត្រាំ​បាន​ពន្យារពេល​នៃ​ការ​អនុវត្ដ​ទៅ​ថ្ងៃទី​១៥​ខែធ្នូ​វិញ​។ ប្រទេស​ចិន​បាន​និយាយថា ខ្លួន​គ្រោង​នឹង​ដំឡើង​ពន្ធ​ថ្មី​លើ​ទំនិញ​អាមេរិក​ជា​ពីរ​ដំណាក់កាល ទីមួយ​នៅ​ថ្ងៃទី​០១​ខែ​កញ្ញា និង​ទី​ពីរ​នៅ​ថ្ងៃទី​១៥​ខែធ្នូ​ទុកជា​ការ​សងសឹក​៕

 ពាក្យគន្លឹះ  ចិនអាមេរិកដំឡើងពន្ធ

ព័ត៌មានផ្សេងទៀត