បន្ទប់ពិសោធន៍បណ្តាញកុំព្យូទ័ររបស់វិទ្យាស្ថានជាតិ NIPTICT ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃនេះ ក្រោមជំនួយពីក្រុមហ៊ុនមិត្តហ្វូន ដែលមានតម្លៃជាង៤០ម៉ឺនដុល្លារអាមេរិក ។ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ថា បន្ទប់ពិសោធន៍នេះ នឹងជួយឱ្យនិស្សិតទាំងអស់ក្លាយជាកម្លាំងពលកម្មមានសក្តានុពលសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងឧស្សាហកម្មជំនាន់៤.០...
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៣ សីហា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ នូវបន្ទប់ពិសោធន៍បណ្តាញកុំព្យូទ័រ របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) មានតម្លៃជាង៤០ម៉ឺនដុល្លារអាមេរិក ។
លោក ត្រាំ អ៊ីវតឹក បាននិយាយថា បន្ទប់ពិសោធន៍បណ្តាញកុំព្យូទ័រត្រូវបានបង្កើតដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិ NIPTICT និងក្រុមហ៊ុនវៀតថែល ឬហៅថា មិត្តហ្វូន ។
លោករដ្ឋមន្ត្រីថា បន្ទប់ពិសោធន៍នេះនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាបណ្តាញកុំព្យូទ័រនិងអ៊ីនធឺណិតរបស់វិទ្យាស្ថានជាតិ NIPTICT ដែលនឹងអនុញ្ញាតឱ្យនិស្សិតទទួលបាននូវចំណេះធ្វើជាក់ស្តែងក្នុងការតម្លើង ថែទាំ និងគ្រប់គ្រងបណ្តាញកុំព្យូទ័រនិងប្រព័ន្ធអ៊ីនធឺណិត ។
លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមចំណែកសម្រាប់វិស័យអប់រំ ពិសេសនិស្សិតទាំងអស់នឹងក្លាយជាកម្លាំងពលកម្មដ៏មានសក្តានុពលសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឧស្សាហកម្មជំនាន់៤.០ ។
វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានតែមួយគត់នៅកម្ពុជា ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ វិទ្យាស្ថានជាតិនេះ ផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ e-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មទី៤ ៕