សំណល់​សំរាម​១៤​ក្នុងចំណោម​៨៣​កុងតឺន័រ ត្រូវបាន​ដឹក​ចេញពី​​កម្ពុជា​វិញហើយ

23-08-2019 6:30 pm 738

​ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD ដែល​បាន​លួច​ដឹក​កាកសំណល់​ប្លា​ស្ទី​ក ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​នោះ បាន​ដឹកជញ្ជូន​សំណល់​ទាំងនោះ​ត្រឡប់​ទៅវិញ​បណ្តើៗ បាន​ចំនួន​១៤​កុងតឺន័​រហើយ​។ ការដឹកជញ្ជូន​នេះ បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​។ ក្រៅពីនោះ ក្រុមហ៊ុន​មួយ​នេះ ក៏បាន​បង់ប្រាក់​ពិន័យ ចូល​ថវិកាជាតិ​គ្រប់​ចំនួន ព្រមទាំង​បាន​បង់ថ្លៃ​ចំណត​ផែ និង​ថ្លៃ​កប៉ាល់​មួយចំនួន​ផងដែរ គិត​ចាប់ពី​ថ្ងៃទី​២៣​ខែ​សីហា​។ នេះ​បើតាម​សេចក្តីប្រកាស របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​។​

​សេចក្តីប្រកាស​ដដែល ឲ្យដឹង​បន្ថែម​អំពី​កាកសំណល់​ប្លា​ស្ទីក ដែល​នៅ​សេសសល់​ចំនួន​៦៩​កុងតឺន័រ គឺ​ក្រុមហ៊ុន​CHUNGYUEN PLASTIC MANUFACTURE CO., LTD បាន​ស្នើសុំ​ពន្យារពេល​ដឹកជញ្ជូន​ចេញ​។ ស្នើ​ពន្យារពេល ដោយហេតុថា ក្រុមហ៊ុន​កប៉ាល់​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ បាន​ជួបប្រទះ​បញ្ហា​មួយចំនួន រួមមាន អាកាសធាតុ​មិន​អំណោយផល ធ្វើឲ្យ​ខកខាន​ជើង​កប៉ាល់ និង​ទំនិញ​កកស្ទះ​ជាច្រើន ដែល​ទទួល​កក់​ពី​អតិថិជន​ផ្សេងៗ​ទៀត​។ ដូច្នេះ ទើប​ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បាន​ស្នើសុំ​ពន្យារពេល ការដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ទី​ក ដែល​នៅសល់ តាម​តារាង​ពេលវេលា ដែល​ក្រុមហ៊ុន​កប៉ាល់​បាន​ផ្តល់ជូន គិត​ចាប់ពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់ថា កាកសំណល់​ប្លា​ស្ទីក​ចំនួន​៨៣​ទូរ​កុងតឺន័រ មាន​ទម្ងន់​សរុប​ជិត​១, ៦០០​តោន ត្រូវបាន​សមត្ថកិច្ច​កម្ពុជា បង្ក្រាបបាន​នៅ​ផែ​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា​ឆ្នាំ​២០១៩​។ កាកសំណល់​ទាំងនោះ មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក ចំនួន ៧០​កុងតឺន័រ មាន​ទម្ងន់​១,៣២២ តោន  និង​ប្រទេស​កាណាដា​ចំនួន ១៣​កុងតឺន័រ មាន​ទម្ងន់​២៧០ តោន​៕

 ពាក្យគន្លឹះ  សំរាមខេត្តព្រះសីហនុ

ព័ត៌មានផ្សេងទៀត